ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធចាប់កូនក្រមុំគេរំលោភនិងគំរាមជំរិតទារប្រាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់កូនស្រីគេយកទៅទុក ហើយទូរសព្ទជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះ ១០លានរៀល មិនបានសម្រេច បែរជានាំជនរងគ្រោះទៅផ្ទះសំណាក់ចាប់បង្ខំរួមរ័ក្សបានសម្រេចរហូតដល់ ៥ដង រួចទូរសព្ទមកគំរាមជំរិតទារប្រាក់ចុះសល់ត្រឹម ៥លានរៀល តែមិនសម្រេចទៀត ចុងក្រោយអស់លក្ខណ៍ត្រូវសមត្ថកិច្ចខណ្ឌកំបូល សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុងភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបានពេលជិះម៉ូតូចេញពីផ្ទះសំណាក់វិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវលំក្បែរផ្លូវរថភ្លើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងចាប់ខ្លួនបាននៅវេលាម៉ោង ១១:៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ អ.ឧ.ស ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងដកហូតរួមមាន៖ ខោខូវប៊យជើងវែងចំនួន១, អាវយឺតពណ៌ក្រហមចំនួន១, ម៉ូតូចំនួន១ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032 និងទូរសព្ទដៃមួយគ្រឿង។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះបានជិះរថយន្តឈ្នួលពីខេត្តកំពង់ឆ្នាំង មកលេងផ្ទះឪពុកម្តាយនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១រសៀល មិត្តភក្តិជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032 មកឌុបជនរងគ្រោះទៅដើរលេងនៅម្តុំវត្តជម្ពូវ័ន្ត (សង្កាត់ភ្លើងឆេះរទេះ) ជាមួយក្មេងៗតូចៗចំនួន២នាក់ ពេលជនរងគ្រោះជិះដល់ចំណុចផ្លូវលំក្បែរផ្លូវរថភ្លើង ក្នុងសង្កាត់កន្ទោក ក៏បានជួបជនសង្ស័យកំពុងអង្គុយនៅលើផ្លូវរថភ្លើង ពេលនោះមិត្តភក្តិជនរងគ្រោះបានឈប់ម៉ូតូក្បែរនោះ ហើយឲ្យជនរងគ្រោះបើកម៉ូតូឌុបម្តង។ តែពេលឈប់នោះជនសង្ស័យបានសួរនាំជនរងគ្រោះ ហើយផ្ញើរលុយឲ្យជនរងគ្រោះទិញទឹកសុទ្ធចំនួន ២ដប មកឲ្យជនសង្ស័យ ពេលមកដល់ជនរងគ្រោះបានហុចទឹកសុទ្ធនោះឲ្យជនសង្ស័យ ហើយជនសង្ស័យក៏ឲ្យជនរងគ្រោះឌុបជូនទៅយកដងសម្រាប់ថតទូរសព្ទ និងបន្តជូនទៅកន្លែងធ្វើការដោយសន្យាថា « ឲ្យលុយចំនួន ២ម៉ឺនរៀល ទៅជនរងគ្រោះ» ពេលនោះជនរងគ្រោះក៏យល់ព្រម ហើយជនសង្ស័យបានឡើងបើកម៉ូតូឌុបជនរងគ្រោះ។

ចំណែកមិត្តភក្តិជនរងគ្រោះ នៅចាំកន្លែងកើតហេតុ តែមិនឃើញជនរងគ្រោះមកវិញសោះ។ រហូតដល់ម៉ោង ២រសៀល ម្តាយជនរងគ្រោះកំពុងនៅផ្ទះ ស្រាប់តែប្តីបានទូរសព្ទប្រាប់គាត់ថាឲ្យទៅរកកូន ដោយមានលេខទូរសព្ទ 088 7780 913 តេមកទូរសព្ទម្តាយជនរងគ្រោះគំរាមថា «ផ្ញើរលុយឲ្យខ្ញុំ ១០លានរៀល ខ្ញុំនឹងឲ្យកូនមីងទៅផ្ទះវិញ»។ បន្ទាប់មកម្តាយជនរងគ្រោះ ក៏តាមរកកូនរហូតដល់ម៉ោង ៥ល្ងាច ហើយក៏បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកកូនរបស់គាត់នៅប៉ុស្តិ៍នគរបាលកន្ទោក។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០នាទី សមត្ថកិច្ចខណ្ឌកំបូល បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុងភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហារផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទើបកំណត់បានមុខសញ្ញា ឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើនេះ នៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានគំរាមម្តាយជនរងគ្រោះ និងបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងប្រគល់ទៅឲ្យនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕