បន្ទាយមានជ៏យ ៖ ភាគីថៃខេត្តស្រះកែវស្នើបើកកិច្ចប្រជុំពិភាក្សាជាមួយកម្ពុជាបីចំនុចសំខាន់អោយពលករនិងអាជីវករកម្ពុជាចូលប្រកបការងារកសិកម្មនិងលក់ដូរហើយបើកច្រកស្ទឹងបត់។
បាត់ដំបង ៖ ដើម្បីដោះស្រាយជូននិយោជក និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់ភាគីថៃបានធ្វើសំណើសុំបើកកិច្ចប្រជុំពិភាក្សាជាមួយប្រទេសកម្ពុជា លើវបៀបវារ:សំខាន់ៗដែលឲ្យពលករកម្ពុជា ចូលធ្វើការប្រមូល ផលិតផលកសិកម្ម និងឲ្យអាជីវករកម្ពុជា អាចចូលទៅក្នុងព្រះរាជាណាចក្រថៃ ដើម្បីប្រកបអាជវកម្មនៅក្នុងតំបន់ផ្សាររុងកលឿ។ មិនតែប៉ុណ្ណោះ បើកប្រើប្រាស់ស្ពានមិត្តភាពណងអៀន ស្ទឹងបត់ ក្នុងស្រុកអារញ្ញ ដែលជាច្រកដឹកទំនិញដ៏សំខាន់ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនខ្លងលឹក ក្នុងស្រុកអារញ្ញ និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
សំណើនេះ ធ្វើឡើងតាមរយ:ឯកសារផ្លូវការរបស់សាលាខេត្តស្រះកែវកាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០ ហើយការស្នើនេះភាគីទាំងពីរដែលរួមមានអាជ្ញាធរខេត្តស្រះកែវប្រទេសថៃ និងភាគីកម្ពុជាដែលមានអាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានជួបប្រជុំនៅលើស្ពានមិត្តភាពកម្ពុជាថៃ នៃច្រកអន្តរជាតិ ភ្នំដី ស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ភាគីខេត្តស្រះកែវប្រទេសថៃ ដឹកនាំដោយអភិបាលខេត្តស្រះកែវ និងមានការចូលរួមពីមេបញ្ជាការកងកម្លាំងបូពា៍,នាយករងសន្តិសុខផ្ទៃក្នុងខេត្តស្រះកែវតំណាងក្រសួងមហាផ្ទៃនៃប្រទេសថៃនិងអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀតរបស់មន្ទីរស្ថាប័ននៅខេត្តស្រះកែវ ។ ភាគីកម្ពុជារួមមានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបងដឹកនាំដោយលោក ងួន រតនៈអភិបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធនានា។ ចំពោះខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ ផងដែរ។
អ្វីនៃការស្នើសុំនៃរបស់ភាគីថៃ ក្នុងកិច្ចប្រជុំនេះ គឺមានការលេចធ្លោនូវការបើកឲ្យដំណើរការជាបណ្តោះអាសន្ននៃច្រកអន្តរជាតិស្ទឹងបត់ ដែលច្រកនេះបានស្ថាបនាហើយ ្និងបានភ្ជាប់រវាងប្រមុខរដ្ឋាភិបាលទាំងពីរប្រទេសកាលពីកន្លងទៅ។
តាមរយៈសំណើខាងលើទាំង ៣ចំណុចសំខាន់ៗរបស់ភាគីថៃ អាជ្ញាធរខេត្តបន្ទាយមានជ័យដែលមានលោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចដោយកាលពីថ្ងៃទី១៦ មុននៃការប្រជុំនេះ លោកជាមួយនឹងក្រុមការងារគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ ថ្នាក់ខេត្ត បានចុះត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកស្ទឹងបត់ ដើម្បីត្រៀមរៀបចំការងារត្រួតពិនិត្យការធ្វើដំណើររបស់អ្នកធ្វើដំណើរទៅនាពេលខាងមុខ នឹងផ្ដល់ការណែនាំសម្រាប់ការត្រួតពិនិត្យសុខភាពរបស់មន្ត្រីចត្តាឡីស័កឲ្យបានល្អប្រសើរ។
ខ្លឹមសារនៃកិច្ចប្រជុំទាំងបីចំនុចសំខាន់ៗដែលភាគីថៃស្នើសំមានដូចខាងក្រោម៖
១/អោយពលករកម្ពុជាចូលទឹកដីថៃធ្វើការប្រមូលផលិតផលកសិកម្ម។
២/អោយអាជីវករកម្ពុជាចូលមកក្នុងព្រះរាជាណាចក្រថៃដើម្បីប្រកបអាជីវកម្មនៅក្នុងតំបន់ផ្សាររោងក្លឿ។
៣/បើកប្រើប្រាស់ស្ពានមិត្តភាពណងអៀង-ស្ទឹងបត់ ស្រុកអារញជាច្រកដឹកទំនិញដើម្បីកាត់បន្ថយការកក់ស្ទះនៅច្រកអន្តរជាតិខ្លងលឹកស្រុក អារញនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាចំពោះលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រងចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយទៀត៕