ពលរដ្ឋងាយរងគ្រោះ ១២គ្រួសារក្នុងឃុំរាម ស្រុកព្រៃនប់ ទទួលបានអំណោយមនុស្សធម៌ពីលោកឧកញ៉ា ហេង សុវណ្ណា និងក្រុមការងារសប្បុរសធម៌

ខេត្តព្រះសីហនុ ៖ លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ឃុំ ចំនួន១៥ ក្នុងស្រុកព្រៃនប់ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជា តំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ រួមនឹង លោក វ៉ែន វណ្ណារ៉ារិទ្ធិ,ម៉ាក់ គន្ធារ៉ាន់ និង ក្រុមការងារ សហភាព សហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ លោក ឧកញ៉ា និង សប្បុរសជន រួមនឹង អំណោយ របស់ ក្រុមការងារ ស.ស.យ.ក ផ្ទាល់ទៅ ចែកជូន ដល់ ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ មានកូនច្រើន និង ជនពិការទីទ័លក្រ ចំនួន១២ គ្រួសារ នៅតំបន់ អូរកម្ពុជា ស្ថិតក្នុង ភូមិ អុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពិធីនេះធ្វើឡើងនៅក្នុង តំបន់អូរ កម្ពុជា។

អ្នកឧកញ៉ា ហេង សុវណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ជាម ហ៊ីម , ឯកឧត្តម គួច ចំរើន និង ឯកឧត្តម សាយ សអាល់ លោកទាំងបី ជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម បានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។
លោក ឧកញ៉ា ហេង សុវណ្ណា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងនេះ គឺ ផ្ដល់ជូនបងប្អូនងាយរងគ្រោះ តាមរយៈ អំណោយមនុស្សធម៌ទាំងនេះអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែរ ដែលនេះបង្ហាញពីការ យកចិត្តទុក្ខដាក់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។

លោក ឧកញ៉ា ហេង សុវណ្ណា ក៏បានលើកឡើងថា រដូវនេះមានភ្លៀងធ្លាក់ត្រូវចុះប្រុងប្រយ័ត្នចំពោះសុខភាព ព្រោះមូលខ្លានឹងកើតឡើងច្រើន វាខាំបណ្ដលឱ្យកើត ជំងឺគ្រុនឈាម ជាងនេះក៏ត្រូវរកទីសុវត្ថិភាពដើម្បីការពារខ្លួនពីផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុផងដែរ។

ចំណែក លោក វ៉ែន វណ្ណារ៉ារិទ្ធិ និង លោក ម៉ាក់ គន្ធារ៉ាន់ លោកទាំងពីរ ក៏បានក្មានប្រសាសន៍ ក្រើន រំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួន អ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល។

ត្រូវអនុវត្តន៍ជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។ ដោយសារជំងឺកូវីដ-១៩ កំពុងរាតត្បាត ទូទាំងសកលលោក សូមបងប្អូនកុំធ្វើចំណាកស្រុកដោយខុសច្បាប់ ចាញ់បោកមេខ្យល់ជាដើម បងប្អូនអាចស្វែងរកការងារក្នុងស្រុកធ្វើបានហើយ ក៏អាចទទួលបាន ចំណូលប្រហាក់ប្រហែលគ្នាដែរ។
ទន្ទឹមគ្នានេះដែរ លោក ឧកញ៉ា ហេង សុវណ្ណា បានអំពាវនាវឱ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងអ្នកដទៃ ឈានទៅរកការកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្ដាលឱ្យស្លាប់ឬមានពិការភាពជាដើម។
សូមបញ្ជាក់ថា ដែល លោក ឧកញ៉ា ហេង សុវណ្ណា ,លោក វ៉ែន វណ្ណារ៉ារិទ្ធិ , លោក ម៉ាក់ គន្ធារ៉ាបន់ និង ក្រុម ការងារ ស.ស.យ.ក ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាំយកមកចែកជូនពលរដ្ឋនៅពេលនេះគឺ៖

ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ២ កេះ , ត្រីខ ១យួរ, ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ប៊ីចេង២គីឡូក្រាម,ទឹកផ្លែឈើ១កេះ,សាប៊ូ២កញ្ចប់ ,ប្រេងក្រឡា២ដប,ថ្នាំបាញ់ម៉ូស១កំប៉ុង, និងថវិកា ៣០ពាន់រៀល ផងដែរ៕ មនោរាហ៍