ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤- ២០២៥ នៅសាលាបឋមសិក្សាផ្សារលើក្រុង-ខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម បណ្ឌិត តុង សំណាង ប្រធានសមាគមជំនួយ ជនជាតិចិន និង លោកស្រី ឈុន ដារី អភិបាលរងក្រុង-ខេត្តព្រះសីហនុ និង ជាប្រធានគណកម្មការគ្រប់គ្រងសាលាបឋមសិក្សាផ្សារលើ បានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាផ្សារលើ ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកឧកញ៉ា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់ ។ បន្ទាប់ពីការអានរបាយការណ៍ដែលអានដោយ លោក ហែម សំអុល នាយកសាលាបឋមសិក្សាផ្សារលើរួចមក។

លោកស្រី ឈុន ដារី អភិបាលរងក្រុង-ខេត្តព្រះសីហនុ និង ជាប្រធានគណកម្មការគ្រប់គ្រងសាលាបឋមសិក្សាផ្សារលើ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ និងអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។ ថ្ងៃនេះជាការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើប នឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតក្នុងឆ្នាំសិក្សា២០២៤- ២០២៥។ បវេសន កាលថ្មីនេះ ក្នុងគោល បំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងវិស័យអប់រំដែលមានគោល ដៅលើកកម្ពស់គុណភាពអប់រំ។

រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡាបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈវិធានការចំនួន៤ : ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្ម វិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកលើសុខភាពរបស់សិស្សតាមរយៈសារលិខិតសម្តេចមហាបវរធិបតី កុមារ និងការត្រួត ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ ដើម្បីឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំយុវជនបានបញ្ចូលវិធានការទាំង៤ ក្នុង «ស្តង់ដាសាលារៀនគំរូ» ដែលមាន ៥ស្តង់ដា សម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និងបានវាយតម្លៃសាលារៀនចំនួន ១២០ជាប់ស្តង់ដាក្នុងឆ្នាំសិក្សា២០២២-២០២៣។ ការដាក់ចេញនូវកម្មវិធីសំខាន់ៗឱ្យអនុវត្តនៅសាលា រៀនមួយ ចំនួនរួមមាន: ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសា បរទេស និងកុំព្យូទ័រ។ ផ្អែកតាមមេរៀនបទពិសោធន៍ និងការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅទាំង ៤២ និងសាលារៀនជាប់ស្តង់ដាសាលារៀនគំរូទាំង១២០ រាជរដ្ឋាភិបាល នឹងធ្វើការបន្សំគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀនដោយប្រើប្រាស់យន្តការរួមចាប់ពីឆ្នាំសិក្សា២០២៤-២០២៥។ រាជរដ្ឋាភិបាល បន្តយកចិត្តទុក ដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។

លោកស្រី ឈុន ដារី បានបញ្ជាក់ថា ដើម្បី ប្រទេសជាតិខ្លាំង ប្រជាពលរដ្ឋត្រូវមានធន ធាន ប្រជាពលរដ្ឋឪ្យតម្លៃការ អប់រំ ឧស្សាហ៍ព្យាយាម និងត្រូវចេះសាមគ្កីគ្នា សូមប្អូនៗត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ឪ្យទទួលបានលទ្ធផលល្អ ។

ដូចគ្នានេះដែរ ឯកឧត្តម រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក បានធ្វើការសំណេះសំណាល និងបានលើកឡើងថា ការ អប់រំនៅខេត្តតំបន់ឆ្នេរមានគុណភាព គុណតម្លៃ ព្រោះតួអង្គពាក់ព័ន្ធនិងការសិក្សាមានដូចជា ក្របខណ្ឌគ្រូបង្រៀន សិស្ស បរិយា កាសសាលារៀនល្អ និងអណាព្យាបាលផងដែរ ព្រមទាំងបានធ្វើការណែនាំសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំង១០ចំណុច ដែលជាគន្លឹះក្នុងការ សិក្សាឆ្នាំថ្មីដោយមានការចូលរួមពីសហគមន៍ មាតាបីតាសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការ ចូលរួមលើកកម្ពស់វិស័យអប់រំនៅខេត្តព្រះសីហនុ ព្រោះក្មួយៗជាទំពាំងស្នងឬស្សី ម្យ៉ាងទៀតការមានសាលារៀនជួយកាត់បន្ថយការជំលោះក្នុងផ្ទះ ដូច្នេះយើងត្រូវចេះឆ្ងល់ ត្រូវមានអំនួតក្នុងការសិក្សាសម្រាប់ធ្វើជាអ្នកបន្តវេនទៅថ្ងៃអនាគត ។

ក្នុងឪកាសនោះ ឯកឧត្តម រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក ក៏បាននាំយកថវិការបស់ឯកឧត្តម ឧបត្ថម្ភជូនសាលាមួយចំនួន និងចែកបណ្ណសរសើជ័យលាភីឆ្នាំសិក្សា២០២៣- ២០២៤ ជូនដល់សិស្សានុសិស្សកម្រិតបឋមសិក្សា ជូនកាដូអនុស្សាវរីយ៍ ដល់អ្នកគ្រូ ម៉ៅ ម៉ូរ៉ាវី ដែលជាគ្រូទើបចូលនិវត្តន៍ក្នុងឆ្នាំនេះ និង ចែកជូនថវិកា មួយចំនួនដល់លោកគ្រូ អ្នកគ្រូទាំងអស់ ប្រកបដោយបរិយាកាសរីករាយ៕