ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៃសាលាបឋមសិក្សាផ្សារលើ ក្រុងព្រះសីហនុ

ថ្លែងក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឯកឧត្តម រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា៖ ថ្ងៃនេះ ខ្ញុំមានមានកិត្តិយស និងក្តីសោមនស្សរីករាយបំផុត ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ក្នុងបរិវេណនៃសាលាបឋមសិក្សាផ្សារលើ ក្រុងព្រះសីហនុ នាព្រឹកនេះ។ សូមបញ្ជាក់ផងដែរ នេះជាលើកទី២ របស់ខ្ញុំ ដែលបានចូលរួម ជាអធិបតីក្នុងពិធីបើកបវេសនកាលបន្ទាប់ពីបរិបទកូវីដ១៩។

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូង របស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀននៅសាលាមត្តេយ្យសិក្សា បឋមសិក្សា និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ជាសិស្សានុសិស្ស បន្ទាប់ ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល ០១ឆ្នាំ កន្លងទៅ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរ គុណដ៏ស្មោះចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេស លោកគ្រូ អ្នកគ្រូផ្ទាល់ ដែលបានខិតខំពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវសេវាអប់រំ ដល់សិស្សានុសិស្សគ្រប់រូបភាព នាឆ្នាំសិក្សាចាស់កន្លងមកនេះ។

ឯកឧត្ដម រស់ ទៀត បានបន្តថា ៖ ក្រោមការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ វិស័យអប់រំ យុវជន និងកីឡា នៅខេត្តព្រះសីហនុ មានការរីកចម្រើនខ្លាំង សម្រេចបាននូវលទ្ធផលគួរជាទីមោទន តាមរយៈក្នុងការចូលរួមលើក កម្ពស់គុណភាពអប់រំ និងបរិស្ថានសិក្សានៅតាមសាលារៀន ការកែលំអហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ការសាងសង់ និងជួសជុលអគារសិក្សា ការសាង់សង់បណ្ណាល័យស្តង់ដា ការរៀបចំ ទីលានកីឡា ការរៀបចំអាហារដ្ឋាននិងចំណត ការបំពាក់សម្ភារៈថ្នាក់មត្តេយ្យ ការរៀបចំសួន ជីវៈចម្រុះនិងសួនអំណាន ព្រមទាំងសម្ភារៈ និងបរិក្ខារពេទ្យមួយចំនួនសម្រាប់ចែកជូនដល់ គ្រឹះស្ថានសិក្សានានាក្នុងខេត្ត។

ជាក់ស្តែង អ្វីដែលជាមោទនភាពរបស់ខេត្តព្រះសីហនុ នៅក្នុងឆ្នាំ២០២៤នេះ គឺសាលា រៀនចំនួន ៥ ជាប់ជ័យលាភីសាលារៀនគំរូ រួមមាន សាលាមត្តេយ្យសិក្សាធនធានក្រុង បឋមសិក្សាហ៊ុនសែនមិត្តភាព វិទ្យាល័យហ៊ុនសែនវាលរេញ វិទ្យាល័យចំណេះទូទៅ និង បច្ចេកទេសក្រុងព្រះសីហនុ និងវិទ្យាល័យស្ទឹងហាវ។ ដោយឡែកសាលាមត្តេយ្យសិក្សា ធនធានក្រុង កាលពីមិនទាន់បានទទួលការជួសជុលកែលម្អ មានចំនួនកុមារចូលរៀនត្រឹមតែ ២០០នាក់ ប៉ុណ្ណោះ។

ក្រោយពីការជួយពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ដូចជា ការជួសជុល និងកែលម្អទាំងស្រុងនៃអគារសិក្សា រៀបចំបរិស្ថានសាលារៀន បំពាក់គ្រឿងសង្ហារិម និង ហេដ្ឋាចនាសម្ព័ន្ធផ្សេងៗទៀត បានជំរុញ ឱ្យការចូលរៀនរបស់កុមារកើនឡើងជាគំហុគ ប្រមាណច្រើនជាង ៣ដង លើសពីមុន ពោលគឺផុតកុមារចូលរៀនរហូតដល់ ១០០០នាក់។ ឯកឧត្តម រស់ ទៀត បានសង្កត់ធ្ងន់ថា៖

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ រួមមាន៖ ទី១). ការពង្រឹងអភិបាល កិច្ច ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣).ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤). ការជំរុញ និងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យ ស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ”។ ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធានការគន្លឹះទាំង ៤ខាងលើទៅក្នុង “ស្តង់ដា សាលារៀនគំរូ” ដែលមាន ៥ស្តង់ដា សម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។

ហេតុនេះ ឯកឧត្តមសូមផ្តាំផ្ញើជូនគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ មាតាបិតា ក្មួយៗ សិស្សានុសិស្ស អាជ្ញាធរ និងសប្បុរសជន ត្រូវចូលរួមវិនិយោគលើវិស័យអប់រំទាំងអស់គ្នា ដើម្បីអនាគតកូនៗយើងជំនាន់ក្រោយ។ ពិសេសគឺជួយជំរុញសាលាបឋមសិក្សាផ្សារលើឱ្យ ក្លាយទៅជាសាលារៀនស្តង់ដាគំរូនាពេលខាងមុខនេះ។ “មានសុខភាពគឺមានអាយុជីវិតមានការអប់រំ គឺមានអនាគត។

ជាថ្មីម្តងទៀត ឯកឧត្ដម រស់ ទៀត មេបញ្ជាការរង កងទ័ពជើងគោកសូម ថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដៃគូអភិវឌ្ឍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានរួម ចំណែកកសាង និងអភិវឌ្ឍ វិស័យអប់រំនៅក្នុងខេត្តនាពេលកន្លងមក និងសូមបន្តកសាង សមិទ្ធផលថ្មីៗបន្ថែមទៀត ដោយគុណភាព និងប្រសិទ្ធភាព។ ដើម្បីជំរុញដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សប្រកបគុណខ្ពស់៕