ឥណ្ឌា កំពុងស្វែងរកកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់ ជាមួយសហរដ្ឋអាម៉េរិក ដោយមានក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

Oplus_131072

(ញ៉ូវដេលី)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា នៅថ្ងៃសៅរ៍បានលើកឡើងថា ឥណ្ឌា បាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងភាពជាដៃគូរ៉ែដ៏សំខាន់ ជាមួយនឹងសហរដ្ឋអាម៉េរិក ខណៈលោកមានក្តីសង្ឃឹមថា នឹងមានកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

Oplus_131072

«ខ្ញុំបានស្នើឱ្យអនុស្សរណៈនៃការយោគយល់សំខាន់ៗ ក្លាយទៅជាភាពជាដៃគូរ៉ែដ៏សំខាន់ ហើយក្លាយជាចំណុចចាប់ផ្តើម ដើម្បីក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី», នេះបើតាមសម្តីលោក Piyush Goyal បានប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង New Delhi។

កាលពីដើមខែនេះ, ឥណ្ឌា និងសហរដ្ឋអាម៉េរិក បានចុះកិច្ចព្រមព្រៀងដំបូងមួយ ដើម្បីសហការលើការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសទាំងពីរ សម្រាប់រ៉ែលីចូម, លោហធាតុកូប័ល និងរ៉ែសំខាន់ៗផ្សេងទៀត ដែលប្រើប្រាស់ក្នុងរថយន្តអគ្គិសនី និងកម្មវិធីថាមពលស្អាត។

ការចុះអនុស្សារណៈ មិនមានលក្ខខណ្ឌដូចកិច្ចព្រមព្រៀងពាណិជ្ជកម្មរ៉ែសំខាន់ពេញលេញនោះទេ ដែលអនុញ្ញាតឱ្យឥណ្ឌា នឹងទទួលបានផលប្រយោជន៍ ពីឥណទានពន្ធរថយន្តអគ្គិសនីអាម៉េរិក ចំនួន៧,៥០០ដុល្លារ ក្នុងមួយគ្រឿង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្តោតលើរ៉ែ គឺជាការបើកផ្ទាំងថ្មីមួយ ជាមធ្យោបាយដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក Joe Biden សង្ឃឹមថានឹងបើកលទ្ធភាព សម្រាប់បណ្តាប្រទេសសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន នូវឥណទានពន្ធ ចំនួន៧,៥០០ដុល្លារ ក្នុងរថយន្តអគ្គិសនីមួយគ្រឿង ដែលបានចែងនៅក្នុងច្បាប់កាត់បន្ថយអតិផរណា ដែលផ្តោតលើបញ្ហាអាកាសធាតុ របស់សហរដ្ឋអាម៉េរិក កាលពីឆ្នាំមុន៕