មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ពិភាក្សាអំពីស្ថិរភាពជាមួយប្រមុខការទូតចិន ខណៈការប៉ះទង្គិចគ្នាកាន់តែកើនឡើង

(ណៃពិដោ)៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក​ មីន អោងឡាំង និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ា យី បានពិភាក្សាគ្នាកាលពីថ្ងៃពុធសប្តាហ៍នេះ អំពីសន្តិសុខនៅតាមព្រំដែននៃប្រទេសទាំងពីរ ជាទីដែលក្រុមចលនាតស៊ូប្រដាប់អាវុធ ដណ្តើមការគ្រប់គ្រងទឹកដីពីយោធាមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។

ជំនួបនោះធ្វើឡើងក្នុងរដ្ឋធានីណៃពិដោ ដោយបើតាមសេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា លោក មីន អោងឡាំង និង លោក វ៉ាង បានជជែកគ្នាអំពីស្ថិរភាពនៃតំបន់ព្រំដែន។ ក្រៅពីនេះ ក៏មាននូវការផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើការបើកចំហឥតលាក់លៀម ទាក់ទងនឹងការបោះឆ្នោតសកលពហុបក្ស ដោយសេរី និងយុត្តិធម៌។

រដ្ឋ Shan ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា គឺជាកន្លែងប៉ះទង្គិចគ្នាម្តងហើយម្តងទៀត ចាប់តាំងពីចុងខែមិថុនា បន្ទាប់ពីក្រុមចលនាតស៊ូប្រដាប់អាវុធបន្តការវាយលុកប្រឆាំងយោធា។ រដ្ឋ Shan មានព្រំប្រទល់ជាប់ខេត្ត Yunnan ប្រទេសចិន ហើយជាតំបន់សំខាន់នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចថ្មីមួយទៀតដោយមន្រ្តីកំពូលចិន នៅមីយ៉ាន់ម៉ា បន្ទាប់ពីអតីតរដ្ឋមន្រ្តីការបរទេស លោក Qin Gang កាលពីឆ្នាំមុន៕