លោកឈិត រតនៈ ត្រូវបានក្រសួងមហាផ្ទៃប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងខេត្តកោះកុង

កោះកុង÷ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលមានការអញ្ជើញចូលរួម ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម លោកជំទាវ លោក លោក ស្រី ប្រតិភូក្រសួងមហាផ្ទៃ ព្រម ទាំង ឯកឧត្តម លោកជំទាវ លោក លោក ស្រី គ្រប់មន្ទីរពាក់ព័ន្ធជុំវិញខេត្ត នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលមហោស្រពខេត្តកោះកុង។

ក្លែងក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត កោះកុង បានលើក ឡើងថា ក្រោមដំបូល នៃសុខសន្តិភាព និងស្ថានភាពភូមិសាស្ត្រ ដែលមានភាពអំណោយផលពីធម្មជាតិ និងមានសក្តានុពលដ៏សម្បូរបែប បាននាំឱ្យខេត្តកោះកុង មានឱកាស និងលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ១០ ស្ពានឆ្លងដៃព្រែកចំនួន ៤ កន្លែង រោងចក្រផលិតថាម ពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិរាវដែលមានអនុភាព ៨០០ មេហ្គាវ៉ាត់ វារីអគ្គិសនីធំៗចំនួន ០៦ កន្លែង តំបន់សេដ្ឋកិច្ចពិសេសចំនួន ០៥ កន្លែង ក្រុមហ៊ុនវិនិយោគលើដំណាំកសិកម្ម និងដំណាំកៅស៊ូចំនួន ០៨ ក្រុមហ៊ុន និងក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយវិនិយោគលើវិស័យទេសចរណ៍ចំនួន ១០ ក្រុមហ៊ុន និងមានសណ្ឋាគារលំដាប់ផ្កាយប្រាំជាប់មាត់សមុទ្រ ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិផងដែរ។ និងមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត រួម មាន÷ មន្ទីរពេទ្យ មណ្ឌល សុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយ ដ្ឋាន ភោជនីយដ្ឋាន បាននិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ច និងតម្រូវការរបស់ប្រជា ពលរដ្ឋ និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងពិធី ប្រកាសតែងតាំង លោកឈិត រតនៈចូលកាន់តំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក ជំទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា÷ ពាក់ព័ន្ធអំពីកិច្ចសហ ប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) សម្ដេចតេជោ បានធ្វើសេចក្តីថ្លែងការណ៍ រួចមកហើយ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ កន្លងមកនេះ ក៏ប៉ុន្តែនៅមានមនុស្សមួយចំនួនតូចនៅតែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។
៊ដើម្បីឲ្យសាធារណៈជនជ្រាបកាន់តែច្បាស់ ខ្ញុំសូមបញ្ជាក់នៅសេចក្តីថ្លែង ការណ៍នេះ មាន៤ចំណុចសំខាន់ៗដូចខាងក្រោម÷
ទី១-គ្មានការកាត់ទឹកដី៤ខេត្ត ជូនប្រទេសវៀតណាម ដូចការចោទប្រកាន់ មួល បង្កាច់ពីក្រុមជ្រុលនិយមមួយចំនួននោះឡើយ។
ទី២-គ្មានការយកខេត្តទាំង៤ របស់កម្ពុជាទៅដាក់បញ្ចូលជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើង ពីក្រុមជន ដែលបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះ។
ទី៣- គ្មានការដាក់ហ៊ុនធនធានធម្មជាតិដូចជាធនធានរ៉ែ និងធនធានព្រៃឈើរបស់ខេត្តទាំង ៤ជាដើម ដើម្បីយកទៅវិនិយោគរួមគ្នាដូចការលើកឡើងនោះដែរ។
ទី៤÷ គ្មានការអនុញ្ញាតហើយប្រជាពល រដ្ឋប្រទេសនីមួយៗចេញចូលដោយសេរីក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះដែរ។

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិ បាលខេត្ត បានសម្ដែងការអបអរសាទរ ចំពោះលោក ឈិត រតនៈ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រមុខរដ្ឋាភិបាល បានផ្ដល់សេចក្តីទុកចិត្តតែងតាំងជា អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង ខ្ញុំសង្ឃឹមថា លោកអភិបាលរងខេត្តថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែងនាពេលនេះ នឹងបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ ដឹក នាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញ ជាបន្តបន្ទាប់ និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ក្នុងពិធីប្រកាសតែងតាំងនេះដែរ ឯកឧត្តមប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ផ្ដាំផ្ញើដល់ លោកអភិបាល រងខេត្តថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការចូលរួមសហការ ដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញឱ្យអនុវត្ត និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ដើម្បីឱ្យភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានសន្តិសុខល្អ ត្រូវលុបបំបាត់ឱ្យអស់នៅរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែសហការគ្នា ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋផងដែរ៕ ដោយ សេន ពិសិដ្ឋ