លោក ចូ បៃដិន ថាដកខ្លួនពីការប្រជែងតំណែងប្រធានាធិបតី ដើម្បីឯកភាពជាតិ

Oplus_131072

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធ ទី២៤ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាការសម្រេចចិត្តរបស់លោកដកខ្លួនចេញពីការប្រជែង តំណែងប្រធានាធិបតីឆ្នាំ២០២៤ ហើយផ្ដល់ការគាំទ្រដល់លោកស្រី កាម៉ាឡា ហារីស ជាបេក្ខភាពប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ គឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីឯកភាពជាតិ បើទោះជាលោកមានមហិច្ឆតាចង់ឈ្នះអាណត្តិទី២ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

លោក បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពី បរាជ័យធ្ងន់ធ្ងរ ក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីខែមិថុនាកន្លងទៅ ដោយបង្កឱ្យមានការសង្ស័យពីលទ្ធភាពឈ្នះរបស់លោក ឬក៏ថាតើលោកអាចបន្តកាន់តំណែង ៤អាណត្តិទៀតបាន ដែរឬក៏យ៉ាងណា ប្រសិនបើលោកទទួលបានជ័យជម្នះក៏ដោយនោះ។

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក ចេញពីការិយាល័យសេតវិមាន លោក បៃដិន ជឿជាក់ថារូបលោកនៅតែអាចឈ្នះក្នុងការបោះឆ្នោតសាឡើង ដោយសារតែស្នាដៃរបស់លោក ក្នុងអាណត្តិទី១។ ក៏ប៉ុន្តែ លោកផ្ទាល់យល់យ៉ាងច្បាស់ថាការសម្រេចចិត្តដកខ្លួនរបស់លោក ទើបជាមធ្យោបាយដ៏ល្អប្រសើរដើម្បីឯកភាពជាតិ។ «ដូច្នេះខ្ញុំបានសម្រេចចិត្តថាមធ្យោបាយ ឆ្ពោះទៅមុខដ៏ល្អប្រសើរ នោះគឺមានតែប្រគល់ភារកិច្ចទៅឱ្យអ្នកជំនាន់ថ្មី ហើយនេះជាមធ្យោបាយដ៏ល្អប្រសើរបំផុតដើម្បីបង្រួបបង្រួមជាតិរបស់យើង»។ នេះគឺជាការគូសបញ្ជាក់របស់ លោក បៃដិន ជាមួយការឆ្លៀតកោតសរសើរលោកស្រី ហារីសថាជាមេដឹកនាំដ៏រឹងមាំម្នាក់ដែលអាចនឹងក្លាយជាប្រធានាធិបតីពោរពេញដោយសមត្ថភាព៕