កោះកុង ÷ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នេះ លោក ឈឹម ចិន អភិបាលស្តីទី ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចុះពិនិត្យ និងធ្វើការណែនាំដល់បងប្អូនប្រជា ពលរដ្ឋ អាជីវករលក់ដូរបែបអាណាធិបតេយ្យ នៅលើដងផ្លូវសាធារណៈ ខាងលិចផ្សារដងទង់ អោយបញ្ឈប់ការដាក់តាំងលក់ទំនិញគ្រប់ប្រភេទនៅលើផ្លូវសាធា រណៈ ព្រោះជាហេតុនាំអោយមានការកកស្ទះចរាចរណ៍ ដែលឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភណ្ឌភាព ។
ក្នុងប្រតិបត្តិការពិនិត្យផ្សារដងទង់នេះដែរ អាជ្ញាធរក្រុងបានណែនាំដល់ក្រុមអាជីវករទាំងអស់ មិនអោយយកចំណីផ្លូវធ្វើជាទីតាំងដាក់លក់ដូរទំនិញគ្រប់ប្រភេទ ពិសេសអាជីវករលក់សាច់ជ្រូក ត្រី និងបន្លែ ត្រូវចូលទៅលក់ខាងក្នុងផ្សារវិញជាដាច់ខាត ចំពោះម្ចាស់ផ្ទះដែលស្ថិតនៅជុំវិញផ្សារដងទង់ ត្រូវចូលរួមជាមួយអាជ្ញាធរ ដោយបញ្ឈប់ការជួលសំយ៉ាបមុខផ្ទះរបស់ខ្លួនអោយអាជីវករដាក់លក់ទំនិញអាណាធិបតេយ្យ បណ្តាលអោយខូចសណ្តាប់ធ្នាប់ និងបាត់បង់សោភណ្ឌភាពជុំវិញផ្សារ ត្រូវរុះរើ រាល់ទីតាំងដែលមានប្រក់សង្កសី តង់ ឆ័ត្រ តុ ទូ គ្រែ និងសម្ភារៈផ្សេងៗទៀត ចេញពីទីតាំងខាងលើ អោយបានមុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ជាកំហិត ករណីរឹងរូសមិនព្រមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងអនុវត្តវិធានការរដ្ឋបាលទៅតាមការ ចាំបាច់ ហើយរាល់ការបាត់បង់ខូច ខាតសម្ភារៈ និងទំនិញផ្សេងៗកម្លាំងមាន សមត្ថកិច្ច មិនទទួលខុសត្រូវឡើយ ។
ចំពោះរថយន្តធំ តូច និងម៉ូតូកង់បី ហាមចតនៅទីធ្លាខាងជើង និងខាងលិចផ្សារ ត្រូវទៅចតនៅខាងកើតផ្សារដែលមានគំនូសកំណត់ស្រាប់ សមត្ថកិច្ចនិងបន្តអនុវត្តផាកពិន័យ ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ ល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក ដូចជាការបើកបរបញ្រ្ចាស់ទិសចរាចរណ៍ដែលបានកំណត់ ។
លោក លឹម ឌី ចៅសង្កាត់ដងទង់ បានបញ្ជាក់ដែរថា ក្រោមការចង្អុលបង្ហាញពីលោកជំទាវអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរក្រុង ក្នុងនាងលោកជាអាជ្ញាធរមូលដ្ឋាន ថ្ងៃនេះលោកនឹងធ្វើការណែនាំនិងបាញ់គំនូសកំណត់ឱ្យអាជីវករដាក់លក់នៅខាងក្នុងគំនូរ ទុក្ខចំណីផ្លូវសម្រាប់អ្នកធ្វើដំណើរស្មើរជើង ម្យ៉ាងទៀតជៀស វាងការលក់អាណាធិបតេយ្យ គ្មានរបៀបរៀបរយ ។
លោកលឹម ឌី បានបញ្ជាក់ទៀតថា ចំពោះរថយន្តអាចចតបាននៅខាងកើតផ្សារដោយមានគំនូរស្រាប់ ដោយឡែកបរិវេណផ្ញើរម៉ូតូសព្វថ្ងៃមានទីធ្លាតូចបន្តិច តែមិនមានការដោះដូរនោះទេ លោកនឹងបន្តមើល ថាអាចពង្រីកបានឬមិនបាន តាមការជាក់ស្ដែង។ ហើយការងារនេះ ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន
លោកនិងបន្តតាមដាន និង អនុវត្តជាប្រចាំ ៕ដោយ សេន ពិសិដ្ឋ