CNN​ ថា អាមេរិកទទួលបានព័ត៌មានសម្ងាត់ពីផែនការរបស់អ៉ីរ៉ង់ ដើម្បីធ្វើឃាតលោក ដូណាល់ ត្រាំ​

វ៉ាស៊ីនតោន)៖ ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដាថាសហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់មួយកាលពីប៉ុន្មានសប្ដាហ៍មុននេះ ពាក់ព័ន្ធនឹងផែនការ របស់អ៉ីរ៉ង់ ដើម្បីធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយមន្ត្រីអាមេរិកម្នាក់អះអាងថាកងការពារ Secret Service ក៏បានចែករំលែកព័ត៌មាននេះជាមួយ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំផងដែរ។ នេះបើតាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាព័ត៌មានសម្ងាត់ដែលនិយាយពីផែនការរបស់អ៉ីរ៉ង់ត្រូវបានផ្ដល់ដោយមនុស្សម្នាក់ ហើយមន្ត្រីអាមេរិកម្នាក់ទៀត ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថាខណៈកំពុងសិក្សាពីការកើនឡើងការគំរាមកំហែង ក្រុមប្រឹក្សាសន្តិសុខជាតិបានទំនាក់ទំនងជាមួយកងការពារ Secret Service ដែលបានផ្ដល់ព័ត៌មានបន្តទៅឱ្យក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ដើម្បីរឹតបន្តឹងសន្តិសុខការពារអតីតប្រធានាធិបតីរូបនេះ។

ជុំវិញសេចក្ដីរាយការណ៍របស់ CNN ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ប៉ុន្តែបាននិយាយថាមិនមានភស្តុតាងណាមួយបញ្ជាក់ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើ ឃាតលោក ត្រាំ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានគប់គិតជាមួយបរទេស ឬក្រុមណាមួយនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ចំណែកឯ អ៉ីរ៉ង់វិញបាននិយាយថាការចោទប្រកាន់បែបនេះ ប្រឆាំងនឹងខ្លួនគឺគ្មានមូលដ្ឋានអ្វីទាំងអស់៕