សាលាមត្តេយ្យសិក្សាធនធានក្រុង ប្រារពខួបលើកទី៧៥ នៃទិវាកុមារអន្តរជាតិ ១ មិថុនា

នៅព្រឹកថ្ងៃ សុក្រ ទី ៧ ខែ មិថុនា ឆ្នាំ២០២៤ នេះ សាលាមត្តេយ្យសិក្សាធនធានក្រុង បានប្រារពខួបលើកទី៧៥ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមអធិបតីភាព លោកស្រី ឈុន ដារី អភិបាលរង នៃគណ:អភិបាលក្រុង ព្រះសីហនុ ព្រមទាំង លោក សឹង សារី អនុប្រធានការិយាល័យអប់រំ យុវជន និង កីឡា ខេត្តព្រះសីហន លោកគ្រូ អ្នកគ្រូ មាតា បីតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនកុះករ។

នៅក្នុងឱកាសនៃការប្រារព្ធពិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០២៤នេះផងដែរ លោកស្រី នាយិកា
បានឡើងមានមតិស្វាគមន៍ គណ:អធិបតី និងអង្គពិធីទាំងមូល ដោយបានជម្រាជូនខ្លះៗ អំពីរបាយការណ៍បច្ចុប្បន្នភាពរបស់សាលា មត្តេយ្យសិក្សាធនធានក្រុង ទាក់ទងនិងស្ថានភាពទូទៅរបស់សាលាមត្តេយ្យក្រុង មានទីតាំងស្ថិតនៅ តាមដងវិថី កោះពស់ ក្រុមទី១៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៣០២៤ ម៉ែត្រក្រឡា(តួលេខបណ្តោះអាសន្ន) ។ សាលាមត្តេយ្យ ក្រុងព្រះសីហនុបានបង្កើតឡើង ក្នុងឆ្នាំ១៩៨៧ “សាលាមត្តេយ្យក្រុង” ពីដើមឡើយមានតែចំនួន ២ខ្នង ប៉ុណ្ណោះ។ បច្ចុប្បន្នសាលាមានអគារសិក្សា ចំនួន ៤ខ្នង ហើយអគារចំនួន១ខ្នង ជាអគារពហុមុខងារ ដែលផ្តួចផ្តើមដោយក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះ សីហនុ ដែលមានលោកជំទាវ ឌិត នីតា សាយសំអាល់ ជាអ្នកជួយឧបត្ថមគាំទ្រ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងមន្ទីរ មាតាបិតា លោកគ្រូអ្នកគ្រូ និង សហគមន៍ ក្នុងខេត្តព្រះសីហនុ បានចូលរួមជួយដល់សាលាមត្តេយ្យក្រុង ធ្វើឱ្យមានការរីកចម្រើនក្នុងពេលបច្ចុប្បន្ននេះ គួរជាទីមោទនៈ ។

លោកជំទាវ បានដឹកនាំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធបរិស្ថានទាំងស្រុងដែលធ្វើឱ្យសាលាមត្តេយ្យក្រុង ទទួលបានពានរង្វាន់ស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ ។ បច្ចុប្បន្ននេះសាលាមត្តេយ្យក្រុងត្រូវបានដូរឈ្មោះមកជាសាលា មត្តេយ្យសិក្សាធនធានក្រុង តាមប្រកាសលេខ ២៣០២ អយក.ប្រក ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ របស់ក្រសួង អប់រំ យុវជន និងកីឡា ។

ចំណែកឯរចនាសម្ព័ន្ធមត្តេយ្យសិក្សាធនធានក្រុងមាន គឺមាន នាយិកាចំនួន ០១ រូប នាយិការង ០១ រូប លោកគ្រូ អ្នកគ្រូ បង្រៀន ១០ រូប ស្រី០៩ រូប
គ្រូស្ម័គ្រចិត្ត០៥ រូប ស្រី០៥ រូប និងផ្នែក
សណ្តាប់ធ្នាប់០១ រូបសរុប ចំនួន ១៨ រូប ស្រី១៦ រូប ហើយសាលាក៏មាន ប្រធាន អនុប្រធាន សមាជិកកិត្តិយស ក៏ដូចជាលទ្ធផលការងារសម្រេចបានជាច្រើនទៀតផងដែរ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ របស់លោកស្រី នាយិកា រួចមក លោកស្រី គណ:អធិបតី ក៏បានកោតសរសើរការដឹងនាំរបស់គណ:គ្រប់គ្រងសាលា ដោយបានជម្រុញ និងលើកទឹកចិត្តអោយខិតខំធ្វើយ៉ាងណាអោយទទួលបានលទ្ធផលល្អបនកថែមទៀត ។

ជាចុងក្រោយ លោកស្រី នាយិកា ក៏បានប្តេជ្ញា ថានឹងដឹងនាំមត្តេយ្យសិក្សាធនធានក្រុង អោយកាន់តែរីកចម្រើនថែមទៀតនៅឆ្នាំសិក្សាបន្តបន្ទាប់ខាងមុខទៀត ៕