ឥណ្ឌូណេស៊ី សម្លឹងមើលទីផ្សារចិន ដើម្បីជំរុញភ្ញៀវទេសចរ

Oplus_131072

(សៀងហៃ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី បានបង្ហាញក្តីសង្ឃឹមសម្រាប់កំណើនភ្ញៀវទេសចរ ពីប្រទេសចិន ដែលក្តីសង្ឃឹមនេះបង្ហាញឡើងនៅក្នុងអំឡុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយ នៅទីក្រុងសៀងហៃ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

Oplus_131072

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ថា ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត (MTCE) នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី បានចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយជាច្រើន ដែលផ្តោតលើទីផ្សារប្រទេសចិន។

លោក Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា៖ «យើងសង្ឃឹមថា បេសកកម្មលក់ [ទេសចរណ៍] នេះអាចជួយជំរុញទេសចរណ៍ ចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ី និងជួយធ្វើឱ្យឥណ្ឌូណេស៊ីក្លាយជាគោលដៅវិស្សមកាល ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស»

ភ្ញៀវទេសចរចិនបានស្នាក់ នៅជាមធ្យមក្នុងប្រទេសឥណ្ឌូណេស៊ី រយៈពេលពី ៨ ទៅ ១១ថ្ងៃ ហើយការចំណាយជាមធ្យម ក្នុងការធ្វើដំណើរម្តងបានកើនឡើងដល់ ១ ៣៨៦,៥៥ដុល្លារអាមេរិក នេះបើយោងតាមលោករដ្ឋមន្ត្រី។

ក្រសួងទេសចរណ៍ បានកំណត់គោលដៅភ្ញៀវទេសចរចិនពី ១ ទៅ ១,៥លាននាក់សម្រាប់ឆ្នាំនេះ ដោយលើកឡើងពីកំណើនយ៉ាងលឿននៃសេដ្ឋកិច្ចចិនថា ជាហេតុផលមួយក្នុងចំណោមហេតុផលនានា ដែលធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះ ក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ទេសចរណ៍ របស់ប្រទេសឥណ្ឌូណេស៊ី។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ ស្ថិតិឥណ្ឌូណេស៊ីបានបង្ហាញថា ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ២៨៦ ៣៧៥នាក់ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ៕