(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ៦.២ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលបង្ហាញពីសញ្ញណល្អនៃការនាំចេញរបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទទួលបាន។
ទិន្នន័យដដែលនេះបានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ការនាំចេញរបស់កម្ពុជាសម្រេចបាន ជាង ៦.២៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលវិញមានទំហំប្រមាណ ៦.២៣ពាន់លានដុល្លារ កើនឡើង ៦.៤% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង១២.៤៩ពាន់លានដុល្លារ កើនឡើង១១.៩%។
ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ មានតម្លៃជាង២ពាន់លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាង៤០៧លានដុល្លារ ,ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ជាង៤៤៨លានដុល្លារ ,ស្បែកជើង ជាង៤៨៣លានដុល្លារ និងកៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ មានតម្លៃ៣១៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
ប្រទេសដែលកម្ពុជាបាននាំចេញទៅច្រើនជាងគេគឺ សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមេសានេះថា ការនាំចេញរបស់កម្ពុជាកើនឡើងជាងការនាំចូល ដោយសារកម្ពុជាផលិតនូវប្រភេទទំនិញចាំបាច់ សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់ ខណៈទំនិញដែលបាននាំចូលវិញ ត្រូវបានកាត់បន្ថយ។
លោកបានពន្យល់ថា ការនាំចូលទំនិញតិចជាងការនាំចេញនៅដើមឆ្នាំនេះ ដោយសារភាគច្រើនកម្ពុជានាំចូលប្រភេទទំនិញគ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ ដែលជាប្រភេទទំនិញមានតម្លៃទាប បើធៀបទៅនឹងប្រភេទទំនិញដែលមានតម្លៃខ្ពស់ ដូចជាគ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក និងរថយន្ត ជាដើម។
លោកកត់សម្គាល់ថា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ប្រជាពលរដ្ឋកម្ពុជាហាក់មានការសន្សំសំចៃច្រើន និងកាត់បន្ថយការចំណាយរបស់ទៅលើប្រភេទទំនិញដែលជាគ្រឿងប្រណិតភាព និងគ្រឿងអេឡិចត្រូ។ ហើយជាមួយគ្នានេះ ដោយសារការថយចុះនៃសកម្មភាពសាង់សង់ បុរី អគារជាដើម ប្រភេទទំនិញដូចជាសម្ភារៈសំណង់ក៏ត្រូវបានកាត់បន្ថយនាំចូលផងដែរ។
លោកគូសបញ្ជាក់ទៀតថា ចំណែកការនាំចេញរបស់កម្ពុជានៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការកាត់បន្ថយតិចតួច ដោយសារតែកម្ពុជាផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ដែលធ្វើឱ្យប្រទេសនាំចូល នៅតែបន្តនាំចូល៕