ប៉ូលិសអាមេរិក កំពុងតាមស្វែងរកខ្មាន់កាំភ្លើង ក្រោយមនុស្ស៨នាក់ស្លាប់ នៅជាយទីក្រុង Chicago


(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ប៉ូលិសអាមេរិក កំពុងតែបើកប្រតិបត្តិការតាមស្វែងរកបុរសម្នាក់ ដែលជាប់សង្ស័យពីបទបាញ់សម្លាប់ មនុស្សយ៉ាងហោច៨នាក់ នៅទីតាំង៣ផ្សេងគ្នា ក្នុងតំបន់ជាយទីក្រុង Chicago នៅភាគខាងជើងអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ប៉ូលិសអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ មនុស្សម្នាក់ត្រូវបានរកឃើញស្លាប់ក្នុងផ្ទះ នៅតំបន់ Will County ខណៈកាលពីថ្ងៃចន្ទ មនុស្សសរុបចំនួន ៧ផ្សេងទៀតនាក់ ត្រូវបានរកឃើញស្លាប់ក្នុងលំនៅឋានចំនួន២កន្លែង ក្នុងក្រុង Joliet។ តំបន់ Will County និងក្រុង Joliet គឺស្ថិតនៅជាយទីក្រុង Chicago នៃរដ្ឋ Illinois ហើយ​នាពេលនេះ ប៉ូលិសកំពុងតាមស្វែងរក ជនសង្ស័យម្នាក់មានឈ្មោះ Romeo Nance អាយុ២៣ឆ្នាំ ដែលរស់នៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ ករណីបាញ់ប្រហារ គឺជារឿងតែងកើតមានជាញឹកញាប់ នៅសហរដ្ឋអាមេរិក ជាទីដែលកាំភ្លើងមានចំនួនច្រើនជាងប្រជាជនទៅទៀត ហើយការព្យាយាមណាមួយដើម្បីទប់ស្កាត់ការរីកសាយនៃកាំភ្លើង គឺតែងតែជួបការប្រឆាំងយ៉ាងរឹងមាំជានិច្ច៕