រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញឱ្យរោងចក្រទាំងអស់ចូលរួមដើម្បីភាពស្អាតតាមរយៈការបំពាក់ ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តិ ដើម្បីគ្រប់គ្រងសំណល់រាវពីរោងចក្រ


(កំពង់ស្ពឺ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ និងគាំទ្រឱ្យរោង ចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញ សំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន ហើយជាមួយគ្នានេះរោងចក្រនឹងបន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ។

នេះជាការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ខណៈលោកបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យ ឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសហគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលស្ថិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិតុង។

លោក សួរ ហុង ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD បានសម្តែងនូវភាពរីករាយចំពោះប្រសាសន៍របស់លោករដ្ឋមន្រ្តី ហើយលោកនឹងចូល រួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថានដែរ ជាពិសេសលោកបានថ្លែងអំណរ គុណចំពោះលោករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តី កង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឱ្យរោងចក្រមានដំណើរការទៅបានរលូន និងទទួលបាន នូវផលចំណេញផង និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា៕