(កណ្ដាល)៖ លោក កែវ ទួត អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានថ្លែងថា ប្រសិនបើពលរដ្ឋឃើញក្រុមហ៊ុន បូមខ្សាច់ បូមខុសបច្ចេកទេស ខុសពេលវេលានិងទីតាំង សូមទាក់ទងមកក្រសួងជាបន្ទាន់តាម រយៈលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ដើម្បីក្រសួងចាត់វិធានការភ្លាមៗ។
ការបញ្ជាក់បែបនេះធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់សំណង់ តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកល្វាឯម និងស្រុកកៀនស្វាយ នាពេលកន្លងទៅថ្មីៗនេះ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មខ្សាច់សំណង់តាមដងទន្លេមេគង្គ ក្នុងឃុំល្វាស ឃុំកែវ ស្រុកល្វាឯម និងឃុំសំ រោងធំ ស្រុកកៀនស្វាយ របស់ក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា)។
លោក ប៊ុន ផេង បានបញ្ជាក់ថា ការបូមស្តារខ្សាច់ និងដីល្បាយខ្សាច់ក្នុងទន្លេនេះ គឺជាផលប្រយោ ជន៍របស់ប្រជាពលរដ្ឋ ព្រោះធ្វើឡើងតាមបច្ចេកទេស និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីសម្រួល ចរន្តទឹកធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេ និងផ្តលចំណូលពន្ធ មកឲ្យឃុំសម្រាប់អភិវឌ្ឍនៅមូលដ្ឋានផងដែរ។
លោក កែវ ទួត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមដងទន្លេទាំងអស់មេត្តាចូលរួមតាមដាន នូវរាល់សកម្មភាពនានា ដែលខុសពីលក្ខខណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើស ម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេក ទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឲ្យក្រសួងចាត់ វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។
សូមបញ្ជាក់ថា ក្រសួងរ៉ៃនិងថាមពល ក៏ដូចជាអាជ្ញាធរខេត្តបានតម្រូវឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម ខ្សាច់ខាងលើត្រូវអនុវត្តឲ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូម នៅខុសពីកន្លែងដៅដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង៕