(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តប្រកបអាជីវកម្មដឹកអ្នក ដំណើរគ្រប់ ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកក ស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានី ភ្នំពេញ បានណែនាំដូចខាងក្រោម៖
១៖ រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្ដោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរ ចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ដែលគោល ដៅហាមឃាត់មានសមត្ថកិច្ចឈរជើងចាំណនាំ ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង ២២:០០នាទី រហូតដល់ម៉ោង ១០:០០នាទី។
២៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃឈប់សម្រាក ដូច្នេះការដ្ឋានសំណង់ ទាំងអស់ត្រូវផ្អាកដំណើរការ ចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់ត៍ មិនអនុញ្ញាតឱ្យចរាចរចូលក្នុងតំបន់ទីប្រជុំជន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧ មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។
៣៖ គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) ផ្លូវលេខ៥ វិថីតេជោដំ ឌិន (ផ្លូវលេខ១៥៤) វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ផ្លូវលេខ២៩៤ កំណាត់ មហាវិថីសម្តេច សុធារស ចាប់ពីផ្លូវលេខ២៤០ រហូតដ់ល់ផ្លូវខាងជើងស្ពានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវ សប៊ិត មហាវិថីព្រះសុរាម្រិត និងកំណាត់គីរវិថីព្រះស៊ីសុវត្ថិចាប់ពីរង្វង់សម្ដេចសង្ឃ ជួន ណាត រហូតដល់ផ្លូវលេខ១៣០។
៤៖ នៅផ្លូវជាតិលេខ១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញដែលឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូល ចតនៅក្នុងបរិវេណវត្តនិរោធរង្សី ចំណតរថយន្តច្បារអំពៅ (ចំណតបេនរថយន្ត ស៊ុយ សុផាន) និងត្រូវបញ្ចៀសចរាចររថយន្តធុនធំចំណុចផ្លូវជាតិលេខ១ កែងផ្លូវរោងចក្រថៃហ្គ័រ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវេណ វត្តនិរោធ រង្សី និងតាមបណ្ដោយផ្លូវលេខ៣៦៩ (ខាងត្បូងវត្តព្រែកប្រា)។
៥៖ នៅផ្លូវជាតិលេខ២៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញត្រូវចូលចតនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។ ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចត នៅ ខាងជើងរង្វង់មូលកួរស្រូវ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៤គោលដៅរួមមាន៖ រង្វង់ មូល កួរស្រូវ មុខវត្តស្លែង មុខវត្តចាក់អង្រែក្រោម និងគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង។
៦៖ នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៖ រថយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់រាជធានី ភ្នំពេញទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសានត្រូវធ្វើចរាចរតាមមហាវិថីឈ្នះឈ្នះ ទៅតាម ផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៣គោលដៅរួមមាន៖ អតីតរង្វង់មូលចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចតមិន ឱ្យចូលហួសស្កុបណតប្រ៊ីតឡើយ។
៧៖ នៅផ្លូវជាតិលេខ៥៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឬចូលចត នៅចំណតគីឡូម៉ែត្រលេខ៩។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កចូល ទស្សនាព្រះ រាជពិធី ត្រូវឈប់-ចតមិនឱ្យចូលហួសផ្លូវលេខ៦៨ឡើយ។
៨៖ នៅផ្លូវជាតិលេខ៦៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅតាមមហាវិថីឈ្នះឈ្នះ។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតនៅទីតាំង ដីតំបន់អភិវឌ្ឍ OCIC។
៩៖ នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរត្រង់ចំណុចផ្លូវលេខ ៣៧១ កែងផ្លូវលេខ២៧១។ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរចូលទស្សនា ព្រះរាជពិធី ត្រូវឈប់-ចតត្រឹមច្រមុះជ្រូកក្បាលថ្នល់។
១០៖ នៅផ្លូវចោមចៅ (ផ្លូវវេងស្រេង)៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរនៅត្រង់ចំណុចច្រមុះជ្រូក ស្ទឹងមានជ័យ។
១១៖ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឬទ្ធី ត្រូវបង្វែរ ចូលតាមផ្លូវតូចៗមិនឱ្យចូលហួសមហាវិថី គីម ម៉ីលស៊ុង និងចតនៅបរិវេណតំបន់ អភិវឌ្ឍបឹងកក់។ ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ មិនឱ្យចូលក្នុងរាជធានី ភ្នំពេញ។
១២៖ ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកប៉ាល់គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់មុខទីតាំងប្រារព្ធ ពិធីនៅមុខព្រះបរមរាជវាំង ត្រូវផ្អាកធ្វើនាវាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី២៥ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកលែងតែកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាចចរាចរនៅថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអាចចរាចរចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពិធីបណ្តែតប្រទីបត្រូវបានបញ្ចប់តាមថ្ងៃនីមួយៗ។
១៣៖ ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍ កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ត្រូវផ្អាកធ្វើចរាចរចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង១២:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ប៉ុន្តែអាចចរាចរ បានចាប់ពី ម៉ោង ២២:០០នាទី រហូតដល់ម៉ោង ១០:០០នាទី៕