មេដឹកនាំបេឡារុស៖ សង្រ្គាមអ៊ុយក្រែនស្ថិតក្នុងសភាពទាល់ច្រកហើយ, ភាគីទាំងសងខាងគួរតែចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាម

(មីនស្កិ៍)៖ នាចុងសប្តាហ៍នេះ ប្រធានាធិបតីបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា នៅតាមសមរភូមិជួរមុខនៃសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន កំពុងស្ថិតក្នុងសភាពទាល់ច្រក ដូច្នេះហើយភាគីទាំងសងខាង គួរតែអង្គុយចុះទល់មុខគ្នា ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះបង្ហូរឈាមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំបេឡារុស លោក Alexander Lukashenko បានលើកឡើងយ៉ាងដូច្នេះថា «ភាគីទាំងសងខាងសុទ្ធតែកំពុងប្រឈមមុខ ជាមួយបញ្ហាផ្សេងៗច្រើនគ្រប់គ្រាន់ដូចគ្នា ហើយស្ថានការណ៍សមរភូមិជារួម នាពេលឥឡូវនេះ គឺកំពុងតែស្ថិតក្នុងសភាពទាល់ច្រកខ្លាំង ពោលគឺហាក់មិនមានភាគីខាងណាមួយ អាចធ្វើសកម្មភាពអ្វីដែលអាចជួយពង្រឹង ឬក៏ពង្រីកខ្សែបន្ទាត់ទីតាំងរបស់ពួកគេ បាននោះទេ។ យើងចាំបាច់ត្រូវនាំគ្នាមកអង្គុយចុះនៅតុចរចា ហើយឈានឱ្យដល់កិច្ចព្រមព្រៀងមួយ»។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Lukashenko បានបើកដៃឱ្យលោក ពូទីន ប្រើប្រាស់ប្រទេសបេឡារុស ជាទីតាំងមួយដើម្បីបញ្ជូនកងទ័ពរុស្ស៉ីចូលទៅឈ្លានពានអ៊ុយក្រែន៕