ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទការប្រណាំងទូក «ង» នៅខេត្តព្រៃវែង ខណៈមានពលរដ្ឋមកលេងកម្សាន្តជាច្រើនកុះករ

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញបិទបញ្ចប់ការប្រណាំងទូក «ង» នៅខេត្តព្រៃវែង ខណៈការប្រណាំងទូកនេះបានប្រព្រឹត្តទៅដោយភាពជោគជ័យ។

អភិបាលខេត្តព្រៃវែង បានថ្លែងថា ការរៀបចំនូវពិធីប្រណាំងទូក «ង» នេះដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាដែលជាថ្ងៃបុណ្យប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាការផ្ដល់ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត បានទស្សនាកម្សាន្ត និងសប្បាយ រីករាយ ម្យ៉ាងវិញទៀត គឺដើម្បីជ្រើសរើសទូក «ង» ដែលមានល្បឿនលឿន និងមធ្យមទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញនាពេលដ៏ខ្លីខាងមុខ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងឆ្នាំ២០២៣ មានទូកចូលរួមសរុបចំនួន ៥៨ទូក (ទូក អន្តរជាតិចំនួន ៤៤ទូក និងទូកខ្នាតវែងចំនួន ១៤ទូក) ក្នុងនោះមានចំណុះទូកសរុបចំនួន ២,៤៧៨នាក់ (ចំណុះពិត ២,០០៤នាក់ និងចំណុះត្រៀម ៤៧៤នាក់)។ ជាក់ស្ដែងនៅថ្ងៃទី១ នៃពិធីប្រណាំងទូកងខេត្តព្រៃវែង មានប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកម្សាន្តជាង ៤ម៉ឺននាក់។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តព្រៃវែង ដែលបានបង្កលក្ខណៈនិងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋសម្រាប់ខេត្តព្រៃវែងយើងនេះ។ ចំពោះការប្រារព្ធពិធីប្រណាំងទូក «ង» នេះផងដែរ គឺយើងបានខកខានអស់រយៈពេល២ឆ្នាំ ដោយសាវិបត្តិនៃជំងឺកូវីដ១៩ រីករាលដាល។ នៅពេលជំងឺកូវិដមានសភាពធូរស្បើយរដ្ឋបាលខេត្តក៏បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនេះហើយឆ្នាំនេះទៀតក៏បានរៀបចំបន្តទៀត ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ មកទស្សនាចូលរួម នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកងនៅក្នុងទឹកដីនៅខេត្តព្រៃវែងនេះផងដែរ។ 


បន្ថែមលើសពីនេះ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏បង្កើតនៅប្រាក់ចំណូលសេដ្ឋកិច្ចមួយចំនួនដល់ប្រជាពលរដ្ឋអាជីវករដែលគាត់លក់ដូរនៅផលិតផលផ្សេងៗនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់ប្រជាពលរដ្ឋដែលអញ្ជើញមកលេងកម្សាន្តបានទិញនូវផលិតផលទាំងអស់នោះផងដែរ៕