សហរដ្ឋអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន កុំធ្វើដំណើរទៅកាន់ប្រទេសលីបង់

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្កើនការដាស់តឿនដល់ពលរដ្ឋរបស់ខ្លួន «កុំធ្វើដំណើរ» ទៅកាន់ប្រទេស លីបង់ ដោយលើកឡើងពីបញ្ហាសន្តិសុខដែលអាចកើតចេញពីការបាញ់ផ្លោងមីស៊ីល រ៉ុក្កែត និងកាំភ្លើងធំដាក់គ្នាទៅវិញទៅមក រវាងអ៉ីស្រាអែល និងក្រុមហេសបូលឡា លីបង់។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។
ក្រសួងការបរទេសអាមេរិក ក៏អនុញ្ញាតឲ្យមានការចាកចេញដោយស្ម័គ្រចិត្ត ចំពោះសមាជិកគ្រួសាររបស់បុគ្គលិករដ្ឋាភិបាលអាមេរិក និងបុគ្គលិកមិនមានភារកិច្ច ចាំបាច់មួយចំនួនពីស្ថានទូតអាមេរិក ប្រចាំទីក្រុងបេរូត (Beirut) ដោយសារតែស្ថានភាពសន្តិសុខ ដែលមិនអាចទាយទុកជាមុនបាននៅក្នុងប្រទេសលីបង់៕