កិច្ចប្រជុំកំពូលរបស់លោក ចូ បៃដិន ជាមួយមេដឹកនាំអារ៉ាប់ ត្រូវបានលុបចោល ក្រោយការវាយប្រហារលើមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សា

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលុបចោលការបំពេញ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យលើមន្ទីរពេទ្យ ក្នុងតំបន់ហ្កាហ្សាដែលបានសម្លាប់មនុស្សយ៉ាងហោច ៥០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

តាមការឱ្យដឹងពីសេតវិមាន លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីស្រាអែលតែមួយប៉ុណ្ណោះ។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនថា «លោក បៃដិន បានសម្រេចចិត្ត (លុបចោលដំណើរទស្សនកិច្ច) ក្រោយបានពិគ្រោះយោបល់ជាមួយព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡោះទី២ (Abdullah II)… ហើយលោកប្រធានាធិបតីក៏បានចូលរួមរំលែកទុក្ខដល់ជនស៊ីវិលស្លូតត្រង់ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ផ្ទុះនៅឯមន្ទីរពេទ្យមួយ ក្នុងតំបន់ហ្កាហ្សា»