មេដឹកនាំកំពូលអីរ៉ង់ព្រមានថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាបន្ទាន់»

(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ចលនាហាម៉ាស ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នៅក្នុងថ្ងៃដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់ប្រទេសនេះ។
លោក Khamenei បានប្រាប់ក្រុមនិស្សិតនៅទីក្រុងតេហេរ៉ង់នៅថ្ងៃអង្គារនេះថា «គ្មាននរណាម្នាក់អាចប្រឈមមុខនឹងប្រជាជនម៉ូស្លីម និងកម្លាំងតស៊ូរបស់ពួកគេបានទេ ប្រសិនបើឧក្រិដ្ឋកម្មរបស់របបស៊ីយ៉ូនប្រឆាំងនឹងប៉ាឡេស្ទីននៅតែបន្ត… ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាត្រូវតែបញ្ឈប់ជាបន្ទាន់»
លោក​បាន​និយាយ​ដូច្នេះថា​ «​ពិភពលោក​កំពុង​មើល​ឃើញ​ពី​អំពើ​ប្រល័យពូជសាសន៍ ​ដែល​ប្រព្រឹត្ត​ដោយ​របប​ស៊ីយ៉ូននិយម​ប្រឆាំង​នឹង​ប៉ាឡេស្ទីន​នៅ​ហ្គាហ្សា»។ លោកបានបន្ថែមថា «យើងត្រូវតែឆ្លើយតបទៅនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា…​មន្ត្រីអ៊ីស្រាអែលត្រូវតែត្រូវបានកាត់ទោសចំពោះឧក្រិដ្ឋកម្មរបស់ពួកគេ ប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា»