ទេសរដ្ឋមន្រ្តី ព្រុំ សុខា ចូលរួមរំលែកទុក្ខគ្រួសារសពកម្មការិនី៤នាក់ ដែលបានស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍ នៅស្រុកបាភ្នំ


 (បាភ្នំ-ព្រៃវែង)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី កាលពី រសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានចុះជួបដោយផ្ទាល់តាមខ្នងផ្ទះប្រជាជនដើម្បី ចូលរួមរំលែកទុក្ខគ្រួសារសពកម្មការិនី ៤នាក់ នៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានបាត់ បង់ជីវិតក្នុងឧបទ្ទវហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដឹកកម្មករ នៅក្នុងភូមិសាស្រ្តឃុំធាយ កាលពីយប់ថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារបានសម្តែងនូវទឹកចិត្តក្តុកក្តួល សោកស្តាយ ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពកម្មការិនីទាំង៤នាក់ចំពោះការ បាត់បង់សមាជិក គ្រួសារជាទីស្រឡាញ់  ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលនឹកស្មានមិនដល់នេះ។

កម្មការិនីទាំង៤នាក់ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់មានឈ្មោះ ហាយ រតនា អាយុ៣៥ឆ្នាំ ឈ្មោះសៀត សាម៉ៃ អាយុ៣២ឆ្នាំ ឈ្មោះ ហ៊ុន ស្រីណាត់ អាយុ២២ឆ្នាំ និងឈ្មោះម៉ើ អី អាយុ ២៦ឆ្នាំ។ អ្នកទាំង៤នាក់ជាកម្មការិនីធ្វើការនៅរោងចក្រជីផ្កាយ៥ស្ថិតនៅឃុំសំរោងធំ ស្រុកកៀន ស្វាយ ខេត្តកណ្តាល។

នៅមុនថ្ងៃដែលកើតហេតុក្រុមកម្មការិនី៩នាក់បានស្រាក់គ្នាជួលរថយន្តមួយគ្រឿង ដើម្បីជិះទៅចូល រួមពិធីមង្គលការរបស់មិត្តភក្តិរួមការងារ នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះពេលត្រឡប់ មកវិញនៅតាមផ្លូវក្នុងពេលយប់ងងឹតនិងមានភ្លៀងធំរថយន្តបើកខុសផ្លូវក្រឡាប់ធ្លាក់ចូលប្រឡាយទឹកយ៉ាងជ្រៅ បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសស្រាល។

ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បាននាំយកអំណោយជាទ័យវត្ថុ សម្ភារៈប្រើ ប្រាស់ស្បៀងនិងថវិកាចំនួន១លាន៦សែនរៀលផ្តល់ជូនគ្រួសារសពនិមួយៗដែលជួបការលំបាកក្នុងជីវភាពស្រាប់។ ចំពោះបងប្អូនកម្មការិនីរងរបួសស្រាល៥នាក់ផ្សេងទៀតបានទទួលការឧបត្ថម្ភប្រាក់៣០ម៉ឺនរៀលក្នុងម្នាក់ៗពីក្រុមការងារថ្នាក់ស្រុកផងដែរ ។

បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តីនិងក្រុមការងារក៏បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ដោយបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងមន្ទីរសមត្ថកិច្ចជំនាញខាងលើត្រូវពិនិត្យស្រាវជ្រាវចាត់វិធានការជាក់ស្តែងដាក់ផ្លាក សញ្ញា ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរបែបនេះបន្តទៀត។

នៅរសៀលថ្ងៃដដែលនេះដែរ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ឯកឧត្តម ទេសរដ្ឋ មន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីត្រួតពិនិត្យការងារ ប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្ត។

បន្ទាប់ពីថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរួមរបស់មូលដ្ឋាន ក្រោយ ជ័យជម្នះនៃការបោះឆ្នោតជាតិដើម្បី រក្សាប្រៀបនយោបាយរបស់គណបក្សប្រជាជន ឯកឧត្តម ទេសរដ្ឋ មន្រ្តីបានណែនាំក្រុមការងារទាំងអស់ឲ្យយកចិត្តទុកដាក់ការងារសំខាន់ចំពោះមុខ៣ចំណុច រួមមានទី១.ពង្រឹងក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានឲ្យសកម្មធ្វើចលនាសកម្មភាពជាប្រចាំ , ទី២. បន្តធ្វើអំពើល្អជួយដោះស្រាយសម្រាលទុក្ខលំបាកជីវភាពរបស់ប្រជាពលរដ្ឋ និង ទី៣. គឺត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំថែរក្សាតម្លៃស្នូលរបស់គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានដើម្បីបន្តលើកកម្ពស់តួនាទីដឹកនាំក្នុងសង្គមជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកទេសរដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបានជម្រុញឲ្យក្រុមការងារទាំងអស់បន្តផ្សព្វផ្សាយពីសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអធិបតី ហ៊ុន ម៉ាណែត តាមកម្មវិធីគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណតំណាក់កាលទីមួយ ដែល ផ្តល់អាទិភាពយកចិត្តទុកដាក់គាំពារសង្គម ជួយពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ សំដៅបន្ត ជម្រុញ ការអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម ដើម្បីធានាយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គមជាតិយូរអង្វែងតទៅមុខទៀត៕