(ព្រុចសែល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) បាននិយាយថា សហភាពអឺរ៉ុប (EU) ត្រូវតែចូលរួមបន្ថែមទៀតជាមួយ បណ្តាប្រទេសនៅតំបន់អាហ្វ្រិក ដោយចោទប្រកាន់រុស្ស៉ីបង្កចលាចលក្នុងតំបន់សាហែល (Sahel) ហើយថាអស្ថិរភាពដែលកើតចេញពីរដ្ឋប្រហារយោធា ធ្វើឲ្យតំបន់ងាយប្រឈមនឹងហានិភ័យនៃ អំពើភេរវកម្ម។ ក្នុងសុន្ទរកថាគោលនយោបាយប្រចាំឆ្នាំទៅកាន់សភាអឺរ៉ុប នៅថ្ងៃពុធសប្តាហ៍នេះ លោកស្រី វ៉ុនឌឺ យេឡិន បានគូសបញ្ជាក់ថា «នេះគឺជាការព្រួយបារម្ភដោយផ្ទាល់ពីអឺរ៉ុប សម្រាប់ សន្តិសុខនិងវិបុលភាពរបស់យើង»។ លោកស្រី វ៉ុនឌឺ ឡេយិន បានបន្ថែមថា «យើងត្រូវតែបង្ហាញពី ការរួបរួមសម្រាប់តំបន់អាហ្វ្រិក ដូចដែលយើងបានបង្ហាញទៅកាន់អ៊ុយក្រែន។ យើងត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស្របច្បាប់ និងអង្គការក្នុងតំបន់»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោកស្រី វ៉ុនឌឺ យេឡិន ដែលកំពុងស្វែងរកអាណត្តិទី ២ក្នុងនាម ជានាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប ពីការបោះឆ្នោតទូទាំងតំបន់នៅឆ្នាំ២០២៤ ធ្វើឡើងចំពេល ដែលការអនុវត្តរបស់ប្លុកលើការសន្យាចំណាយ ផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់តំបន់អាហ្វ្រិក មានភាពយឺតយាវ៕