(ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់នៃប្រទេសឥណ្ឌូនេស៊ី និងចិនបានពិភាក្សាគ្នាអំពីវិធីកែលម្អការ វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ដែលរួមមានទាំងការពង្រីកផលិតផលនាំចេញរបស់ឥណ្ឌូនេស៊ី ផងដែរ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលត្រូវបានគេស្គាល់ថា Jokowi បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ីបូព៌ា ដែលបានធ្វើឡើងក្នុងសប្តាហ៍នេះនៅទីក្រុងហ្សាកាតា។
លោក Li បាននិយាយនៅក្នុងកិច្ចប្រជុំថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីក ការនាំចូលទំនិញភាគច្រើនរបស់ឥណ្ឌូនេស៊ី ដូចជាផលិតផលកសិកម្ម និងនេសាទលំដាប់ថ្នាក់ខ្ពស់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។
លោក Jokowi ក៏បានអំពាវនាវជាពិសេសដល់ក្រុមហ៊ុនចិន ទាំងឯកជន និងរដ្ឋ ឱ្យចូលរួមក្នុង ការសាងសង់រដ្ឋធានីថ្មី Nusantara ដែលមានតម្លៃ ៣២ពាន់លានដុល្លាររបស់ប្រទេសឥណ្ឌូនេស៊ី។
ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ចិនបានឱ្យដឹងថា កិច្ចព្រមព្រៀងមួយក៏ត្រូវបានចុះហត្ថលេខា រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក៕