មន្ទីរពេទ្យតេជោសែនកោះធំ បានបំពាក់សម្ភារបរិក្ខារពេទ្យរួចរាល់ និងត្រៀមបើកឱ្យបម្រើការ ជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ


(កណ្តាល)៖​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរ ពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ។

បច្ចុប្បន្នភាពចុងក្រោយនៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានលើកយកមកបង្ហាញ និងជជែកពិភាក្សាក្នុងអង្គប្រជុំ ដោយក្នុងនោះគិតចាប់ពីការងារតម្លើងសម្ភារបរិក្ខារ ឧបករណ៍ បច្ចេកទេស ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធដឹកនាំ សំដៅធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះ បម្រើបានកាន់តែប្រសើរនូវសេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ និងអាចក្លាយទៅជា មន្ទីរពេទ្យគំរូល្អមួយផងដែរ។

សូមជម្រាបជូនថា មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពី ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុក ទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជា រួម និងពិសេសម្រាប់អ្នកស្រុកកោះធំ ដោយការសាងសង់នេះចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារ។ មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធ បច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេក ទេសទំនើបៗបម្រើឱ្យការព្យាបាល៕