(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងសោមនស្សរីករាយ ចំពោះវត្តមានរបស់លោកបណ្ឌិត សាយ បូរី ក្នុងគណ បក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានចាត់ទុកវត្តមានរបស់របស់លោក សាយ បូរី គឺជាការ ទទួលបានធនធានមនុស្សដ៏កម្របន្ថែមទៀត សម្រាប់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការស្វាគមន៍បែបនេះ បន្ទាប់ពីលោក សាយ បូរី បង្ហោះសារពីការសម្រេចចិត្តចូលប្រឡូកនយោបាយឡើងវិញជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរី គណបក្សប្រជាជនកម្ពុជា នឹងទទួលបានបញ្ញាវ័នដែលជាទីគោរព និងធនធានមនុស្សដ៏កម្របន្ថែម ទៀត។ សូមជូនពរឯកឧត្តមសាយ បូរីនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន»។
សូមបញ្ជាក់ថា ប្រមាណជា១ម៉ោងមុននេះ លោកសាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បាញល្បី លោកបណ្ឌិត សាយ បូរី បានបង្ហោះសារបង្ហាញពីការសម្រេចចិត្តចូលសង្វៀននយោបាយឡើងវិញ បន្ទាប់ពី សម្រាកអស់រយៈពេលជិត ៣០ឆ្នាំ។
លោកបណ្ឌិត សាយ បូរី បានគូសរំលេចលើហ្វេសប៊ុករបស់លោកថា រូបលោក បានលាលែងពីគណបក្សលោកតា សឺន សាន តាំងពីឆ្នាំ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏នៅបន្តឯករាជរហូត ដើម្បីបម្រើជាតិខ្មែរ។
លោកបន្តថា លោកយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់លោកទាំងស្រុង ជាពិសេស បានឃើញច្បាស់អំពីការឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្ត របស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។
លោកបណ្ឌិត បានគូសរំលេចបែបនេះ «ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មានលក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការបន្តវេនដឹកនាំ ប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្ត ពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យា នុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាពសុខសាន្តក្រោមដំបូលនៃសុខ សន្តិភាព»។
លោកបន្តថា «ខ្ញុំបានសម្រេចចិត្តដើរតាមមាគ៌ានៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ»។
បើតាមលោក សាយ បូរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកបានផ្ញើ សារគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញទឹកចិត្ត របស់លោក សុំចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា រួមគ្នាបន្តដំណើរកសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើនរបស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។
បើតាមលោក សាយ បូរី, សម្តេចតេជោ បានសម្រេចទទួលរូបលោកឱ្យចូលរួមរស់ជាមួយបក្ស ប្រជាជនកម្ពុជាហើយ។ លោក សាយ បូរី បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបាន សម្រេចទទួលខ្ញុំភ្លាមឲ្យចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។
ក្នុងសំណេរ លោកបណ្ឌិត សាយ បូរី បានរំលេចនូវពាក្យមួយប្រយោគថា «ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស»៕