(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនគរបាលជាតិជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ។
ជំនួបនេះត្រូវបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គស្នងការរងនគរ បាលជាតិ, ប្រធានសេនាធិការ, អនុប្រធានសេនាធិការ, ប្រធាននាយកដ្ឋានកណ្ដាល, អនុប្រធាន នាយកដ្ឋានកណ្ដាល, ប្រធាននាយកដ្ឋានជំនាញ-មន្ទីរ, អនុប្រធាននាយកដ្ឋាន-មន្ទីរ និងនាយ ការិយាល័យជំនាញទាំងអស់។
គួរជម្រាបថា នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជា អគ្គស្នងការ នគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
បើមិនមានអ្វីប្រែប្រួលទេនោះ នាយឧត្តមសេនីយ៍ ស ថេត បន្ទាប់ពីសំណេះសំណាលជាមួយថ្នាក់ ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិហើយនោះ លោកនឹងចាប់ផ្ដើមចុះតាមបណ្ដាស្នងការដ្ឋាន នគរបាលខេត្តទាំងអស់ ដើម្បីជួបជាមួយកងកម្លាំងនគរបាលជាតិ ក៏ដូចជាស្វែងយល់បន្ថែមទៀត អំពីសុខទុក្ខរបស់មន្ដ្រីក្រោមឱវាទ៕