អ៉ីរ៉ាក់ ព្យួរកអ្នកទោស ៣នាក់ ពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែក របស់ ISIS ដែលសម្លាប់ មនុស្សច្រើនជាង ៣០០នាក់


(បាកដាដ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា អ៉ីរ៉ាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានកាត់ទោសប្រហារ ជីវិតដោយព្យួរកមនុស្ស ៣នាក់ដែលត្រូវបានផ្ដន្ទាទោស ជុំវិញការវាយប្រហារបំផ្ទុះគ្រាប់បែកមួយ កាលពីឆ្នាំ២០១៦ ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៣០០នាក់ នៅក្នុងសង្កាត់ទីប្រជុំមួយនៃរដ្ឋ ធានីបាកដាដ និងត្រូវបានអះអាងទទួលខុសត្រូវដោយក្រុម ISIS។

ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើគឺស្ថិតនៅក្នុងចំណោមការវាយប្រហារបំផ្ទុះគ្រាប់បែកដែលបានផ្ដាច់ជីវិតមនុស្សច្រើនបំផុតនៅលើពិភពកលោក បន្ទាប់ពី ការវាយប្រហារភេរវកម្មលើសហរដ្ឋ អាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ បើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ ការវាយប្រហារបំផ្ទុះគ្រាប់ បែកបង្កៃលើរថយន្ដ ក្នុងសង្កាត់ ទីប្រជុំជនការ៉ាដា (Karrada) នៃរដ្ឋធានីបាកដាដ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ បានសម្លាប់មនុស្ស ៣២៣នាក់។

នៅអំឡុងជំនួបមួយ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មហាំម៉ាត់ ស៊ីយ៉ា អាល់ស៊ូដានី (Mohammed Shia al-Sudani) បានប្រាប់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះថា ការផ្តន្ទាទោសប្រហារជីវិតដ៏ត្រឹម ត្រូវ ត្រូវបានអនុវត្តប្រឆាំងនឹងឧក្រិដ្ឋជនសំខាន់ចំនួន៣រូប ដែលត្រូវបានតុលាការរកឃើញថាមាន ជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ភេរវកម្មបំផ្ទុះគ្រាប់បែក»៕