(កាប៊ុល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ ២០២៣ គឺ នៅថ្ងៃអង្គារនេះ ក្រុមតាលីបង់បានរៀបចំប្រារព្ធខួបរយៈពេល២ឆ្នាំ នៃការវិលត្រឡប់មក កាន់អំណាចឡើងវិញរបស់ពួកគេ នៅឯប្រទេសអាហ្វហ្កានីស្ថាន។
ក្រោយប្រតិបត្តិការវាយលុកលឿនដូចផ្លេកបន្ទោរ ស្របពេលដែលកងកម្លាំងយោធាបរទេសដឹកនាំ ដោយសហរដ្ឋអាមេរិក ត្រូវដកចេញពីអាហ្វហ្កានីស្ថានវិញ បន្ទាប់ពីសង្រ្គាមរយៈពេល២០ឆ្នាំ ដែល មិនមានលទ្ធផល កងកម្លាំងរបស់ក្រុមតាលីបង់ បានចូលកាន់កាប់រដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខណៈលោក អាសរ៉ាហ្វ ហ្កានី (Ashraf Ghani) ដែលជាប្រធានាធិបតី អាហ្វហ្កានីស្ថាននាពេលនោះ បានរត់ភៀសខ្លួនចេញពីប្រទេស ហើយកងទ័ពអាហ្វហ្កាស្ថាន ដែល ទទួលបានការជួយគាំទ្ររាប់ឆ្នាំ ពីក្រុមលោកខាងលិច បានដួលរលំយ៉ាងងាយក្នុងពេលដ៏ខ្លី។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហ៊ូឡោះ មូចាហ៉ីដ (Zabihullah Mujahid) បាន និយាយយ៉ាងដូច្នេះថា «នាឱកាសខួបលើកទី២ នៃការចូលកាន់កាប់ទីក្រុងកាប៊ុល ពួកយើងសូម អបអរប្រទេសអាហ្វហ្កានីស្ថាន ក៏ដូចជាសូមអរគុណព្រះជាម្ចាស់ដ៏អស្ចារ្យសម្រាប់ជ័យជម្នះនេះ»។ សន្តិសុខត្រូវបានរឹតបន្តឹងនៅទីក្រុងកាប៊ុលនាថ្ងៃអង្គារនេះ ដែលត្រូវបានប្រកាសជាថ្ងៃឈប់សម្រាក ហើយក៏មានការធ្វើព្យុហយាត្រាដោយក្រុមតាលីបង់ផងដែរ ខណៈក្រសួងមួយចំនួន បានរៀបចំកម្ម វិធីដើម្បីអបអរគម្រប់ខួបនេះ។ តាលីបង់ធ្លាប់បានដឹកនាំអាហ្វហ្កានីស្ថានលើកដំបូង ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ២០០១ នៅពេលដែលអាមេរិកចូលឈ្លានពាន៕