រុស្ស៉ី គំរាមថាបើគ្រីមៀ រងការវាយប្រហារ មានន័យថាអាមេរិក-អង់គ្លេសលូកដៃក្នុងជម្លោះទាំងស្រុង

(មូស្គូ)៖​ រុស្ស៉ីបានចោទប្រកាន់អ៊ុយក្រែនថាមានផែនការវាយប្រហារលើតំបន់គ្រីមៀ ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយក៏បានព្រមានដែរថាទីក្រុងមូស្គូនឹងសងសឹក ប្រសិនបើរឿងបែបនេះកើតឡើងមែននោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមមន្ត្រីយោធារុស្ស៉ី នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ បានអះអាងថាទីក្រុងមូស្គូ ទទួលបានព័ត៌មានថាអ៊ុយក្រែនមានផែនការវាយប្រហារលើតំបន់គ្រីមៀ នៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួន ដោយប្រើមីស៊ីល HIMARS ផ្ដល់ដោយ សហរដ្ឋអាមេរិក និងមីស៊ីលគ្រូស Storm Shadow ផ្ដល់ដោយចក្រភពអង់គ្លេស។

លោក សយហ្គូ បានគូសបញ្ជាក់ដូច្នេះថា «ការប្រើប្រាស់មីស៊ីលទាំងនេះវាយប្រហារលើតំបន់ខាងក្រៅនៃប្រតិបត្តិការយោធាពិសេសរបស់យើង នឹងត្រូវបាន ចាត់ទុកថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លូកដៃចូលរួមក្នុងជម្លោះទាំងស្រុង ហើយនឹងជំរុញឱ្យមានការបើកការវាយប្រហារសងសឹកភ្លាមៗលើ មជ្ឈមណ្ឌលធ្វើសេចក្ដីសម្រេចក្នុងប្រទេសអ៊ុយក្រែន»៕