(ក្រុងរ៉ាបាត)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងធ្វើការងារលើការបង្កើតភ្លែតហ្វមមួយ សម្រាប់រូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល (CBDC) ដើម្បីផ្តល់លទ្ធភាពឱ្យមានប្រតិបត្តិការ រវាងប្រទេសនិងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សម្ដីរបស់លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF ខណៈថ្លែងក្នុងសន្និសីទមួយ កាលពីថ្ងៃចន្ទដែលមានការចូលរួមដោយធនាគារកណ្តាល របស់ប្រទេសនៅទ្វីបអាហ្រ្វិកក្នុងទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុកថា «CBDC មិនគួរធ្វើឱ្យផែនការថ្នាក់ជាតិបែកខ្ញែកទេ…។ ដើម្បីឱ្យមានប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវ យើងត្រូវការប្រព័ន្ធដែលតភ្ជាប់ប្រទេស និងប្រទេស។ យើងត្រូវការការធ្វើការងាររួមគ្នា»។
លោកស្រីបន្ថែមថា «ដោយហេតុផលនេះហើយនៅ IMF យើងកំពុងធ្វើការលើគំនិតបង្កើតភ្លែតហ្វម CBDC មានលក្ខណៈសកលនេះឡើង»។
មូលនិធិ IMF ចង់ឱ្យធនាគារកណ្តាលនានា ឯកភាពគ្នាលើក្របខ័ណ្ឌបទប្បញ្ញត្តិរួមមួយ សម្រាប់រូបិយប័ណ្ណឌីជីថល ដែលនឹងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការជាសកល។ លោកស្រី បាននិយាយថា ការខកខានក្នុងការឯកភាពគ្នា លើភ្លែតហ្វមរួមមួយនឹងបង្កើតឱ្យមានលំហរមួយ ដែលទំនងជានឹងត្រូវបានបំពេញដោយរូបិយប័ណ្ណគ្រីបតូ។
CBDC គឺជារូបិយប័ណ្ណឌីជីថល ដែលគ្រប់គ្រងដោយធនាគារកណ្តាល ខណៈដែលរូបិយប័ណ្ណគ្រីបតូស្ទើរតែមានការគ្រប់គ្រងបែបរប៉ាត់រប៉ាយ។
លោកស្រីថ្លែងថា ធនាគារកណ្តាលចំនួន១១៤ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាពី CBDC «ហើយធនាគារកណ្តាលចំនួនប្រហែល ១០ បានចូលដល់ដំណាក់កាលសិក្សាបញ្ចប់ហើយ»។
លោកស្រីបានបន្ថែមថា «ប្រសិនបើប្រទេសនានាអភិវឌ្ឍ CDBC សម្រាប់តែប្រើប្រាស់ក្នុងស្រុក នោះយើងប្រើប្រាស់វាមិនអស់ពីសមត្ថភាពទេ»។
ដោយកត់សម្គាល់ថា ការចំណាយជាមធ្យមនៃការផ្ទេរប្រាក់មានចំនួន ៦,៣ភាគរយស្មើនឹង ៤៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំនោះ លោកស្រីបានថ្លែងថា CBDC ក៏អាចជួយលើកកម្ពស់ការបរិយាបន្នហិរញ្ញវត្ថុ និងធ្វើឱ្យការផ្ទេរប្រាក់មានតម្លៃថោកផងដែរ។
លោកស្រី Georgieva បានសង្កត់ធ្ងន់ថា CBDC គួរតែត្រូវបានគាំទ្រដោយទ្រព្យសកម្ម និងថា រូបិយប័ណ្ណគ្រីបតូគឺជាឱកាសវិនិយោគមួយនៅពេលដែលរូបិយប័ណ្ណនេះត្រូវបានគាំទ្រដោយទ្រព្យសកម្ម ប៉ុន្តែនៅពេលដែលវាមិនត្រូវបានគាំទ្រដោយទ្រព្យសកម្ម នោះគឺជា «ការវិនិយោគបែបប្រថុយប្រថាន»៕