ការលក់ដូរនៅតាមផ្សារក្នុងរាជធានីភ្នំពេញនៅតែបន្តអាជីវកម្ម ទោះបីផ្ទុះករណីកូវីដ ១៩

ក្រោយការផ្ទុះវីរុសថ្មីកូវីដ១៩ វិស័យធំៗរបស់កម្ពុជា បានរងនូវផលប៉ះពាល់មួយ ចំនួន ធំ។ ការប៉ះពាល់មិនត្រឹមតែទៅលើសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ អាជីវកម្ម កម្មករ អ្នកលក់ដូរតូចតាច ក៏រងប៉ះពាល់មិនតិចនោះដែរ។ អាជីវករជាអ្នកលក់ដូរ នៅ ភ្នំពេញ រអ៊ូថា លក់មិនសូវដាច់ មិនសូវមានមនុស្សមកផ្សារទិញ របស់របរច្រើនដូចមុន ដោយសារការភ័យខ្លាច ឆ្លង វីរុស។

អាជីវករលក់ដូរនៅផ្សារសាមគ្គី បានបញ្ជាក់ស្រដៀងគ្នាថា តាំងពីផ្ទុះករណីកូវីដ១៩ នៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមក ការលក់ដូររបស់គាត់មានការថយចុះ ដោយ សារ ចំនួនអ្នកទិញមានការថយចុះច្រើន។ ប្រជាពលរដ្ឋមួយភាគធំ សម្រេចចិត្ត មិនចាក ចេញ ពីលំនៅដ្ឋាន ដោយទិញឥវ៉ាន់ស្តុកទុកច្រើនថ្ងៃ ដើម្បីទប់ស្កាត់ការរីករាល ដាលនៃវីរុសថ្មី។ អាជីវករលក់ដូរ ត្រី សាច់ បន្លែ និងចាប់ហួយ បានអះអាងថា មកដល់ពេលនេះ ទំនិញ ផ្សេងៗ មិនមានការតម្លើងថ្លៃទេ ពោលតម្លៃបន្លែ ត្រី សាច់ នៅធម្មតា រឺឡើង បន្តិច បន្តួច ប៉ុណ្ណោះ។

អាជីវករលក់ដូរនៅផ្សារព្រែកឯង ខេត្តកណ្តាលឯណោះវិញ បានឲ្យដឹងថា ការលក់ដូរ របស់ គាត់មិនថយច្រើននោះទេ គ្រាន់តែប្រជាពលរដ្ឋមកទិញឥវ៉ាន់ ស្តុកទុកច្រើនជាងមុន រឺទិញទុកម្តងមួយអាទិត្យ ដោយសារភ័យខ្លាចវីរុសកូរ៉ូណា។

ប្រជាពលរដ្ឋខ្លះបានលើកឡើងថា ពួកគាត់មិនមានថវិកាច្រើន ដើម្បីទិញស្តុកទេ ដូច្នេះ គាត់ ត្រូវទិញឥវ៉ាន់ស្ទើរាល់ថ្ងៃ។ ពលរដ្ឋខ្លះ គាត់ថា មិនភិតភ័យជ្រុលហួសហេតុទេ តែគួរ ប្រកាន់យកវិធានការអនាម័យខ្ពស់បំផុត តាមរយៈការពាក់ម៉ាស់ លាងសំអាតដៃ ឲ្យបាន ជាប់ជាប្រចាំ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ត្រឹមរសៀលថ្ងៃទី២១ មីនា នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា មានចំនួន៥១នាក់ ក្នុងនោះ បុរសចំនួន ៤៧នាក់ ស្ត្រី ៤នាក់។ ក្នុងចំណោម ៥១នាក់នោះ មានជនជាតិខ្មែរ ៣១នាក់ ម៉ាឡេស៊ី ចំនួន១២នាក់ ប៊ែលហ្ស៊ីកម្នាក់ បារាំង ២នាក់ កាណាដាម្នាក់ អង់គ្លេស ៣នាក់ និងជនជាតិ ចិនម្នាក់ ដែលបានជាសះស្បើយ៕