(ហ៉ីរ៉ូស៊ីម៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យ G7 រួមទាំងពិភពលោកទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើងនៅពេលអនាគត តាមរយៈ ការធានាឱ្យបានថារុស្ស៉ី គឺជាជនឈ្លានពានចុងក្រោយគេបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសុន្ទរកថាមួយនាឱកាសបញ្ចប់ដំណើរទស្សនកិច្ចក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំ G7 និងជាការបញ្ចប់ទស្សនកិច្ចរយៈពេលជាងមួយសប្ដាហ៍ ក្នុងតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី លោក ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បាននិយាយថាជ័យជម្នះរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី អាចនឹងកំញើញ ក៏ដូចជា ទប់ស្កាត់កុំឱ្យមានជនឈ្លានពានតទៅទៀតនៅពេលអនាគត ហើយក៏បានទទូចឱ្យពិភពលោកគាំទ្រដល់រូបមន្តសន្តិភាព ១០ចំណុចរបស់អ៊ុយក្រែនផងដែរ។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងអាចទប់ស្កាត់ជនឈ្លានពានដទៃទៀត… នៅពេលដែលនរណាម្នាក់ចង់បង្កសង្រ្គាម បានឃើញថាតើពិភពលោកមាន ការប្ដេជ្ញាចិត្តដល់កម្រិតណា ដូចគ្នាទៅនឹងការចង់បានសន្តិភាពដែរ នោះសង្រ្គាមនឹងមិនអាចចាប់ផ្ដើមឡើយ»៕