(អ៉ីស្ដង់ប៊ូល)៖ ប្រទេសតួកគី នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ជាបន្ត បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មិនអាចរកឃើញបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។
បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៧ភាគរយ ទាំងលោក អឺដូហ្កាន់ និងលោក ខេម៉ាល់ ខីលីគដារ៉ូគ្លូ (Kemal Kilicdaroglu) មិនបានទទួលសំឡេងគាំទ្រ លើស ៥០ភាគរយនោះទេ ហើយការបោះឆ្នោតជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភាខាងមុខ។
គួរបញ្ជាក់ថា លទ្ធផលបោះឆ្នោតជុំទី១ បានបង្ហាញថាលោក អឺដូហ្កាន់ទទួលបានសំឡេងគាំទ្រ ៤៩.៣៩ភាគរយ ខណៈលោក ខេម៉ាល់ ខីលីគដារ៉ូគ្លូ ទទួលបានសំឡេងគាំទ្រ ៤៤.៩២ភាគរយ។ លោក អឺដូហ្កាន់ និងគូប្រជែងរបស់លោកបានប្រកាសរៀងៗខ្លួនថាបានត្រៀមខ្លួនជាស្រេច និងប្ដេជ្ញាយកជ័យជម្នះឱ្យបាន ក្នុងការបោះឆ្នោតជុំទី២៕