(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក Westerdam ដែលត្រូវបាន អនុញ្ញាតឱ្យចូលចត នៅកំពង់ផែព្រះសីហនុ កាលពីអំឡុងផ្ទុះកូវីដ១៩ ដើមឆ្នាំ២០២០កន្លងទៅនោះ នឹងធ្វើដំណើរមកចូលចតនៅកំពង់ផែនេះ ជាថ្មីនាអំឡុងខែធ្នូចុងឆ្នាំ២០២៣ ជាមួយនឹងអ្នកដំណើរ និងសហនាវិកមិនតិចជាង ៣,៥០០នាក់ឡើយ។
គួរជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុង ព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន ២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរ អស់រយៈពេល ១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។
នាឱកាសសន្និសីទសារព័ត៌មានថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងកំពង់ស្វយ័តក្រុងព្រះសី ហនុ ខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងថា តាមរយៈកម្មវិធីនាវាទេសចរណ៍ ដែលត្រូវចូលចតនៅកំពង់ ស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២៣នេះ ក្នុងនោះក៏មាននាវា Westerdam ដែលធ្លាប់ចូលចត កាលពីដើមឆ្នាំ ២០២០នោះផងដែរ។
លោក លូ គឹមឈុន បានបន្តថា ការចូលចតរបស់នាវាទេសចរណ៍ Westerdam សាជាថ្មីនេះ នឹងមកដល់នៅថ្ងៃទី២៨ ខែធ្នូ ចុងឆ្នាំ ២០២៣ខាងមុខ ជាមួយនឹងភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,០០០នាក់ និងសហនាវិកប្រមាណ ១,៥០០នាក់ ពោលគឺមិនតិចជាង ៣,៥០០នាក់ឡើយ។
លោកអគ្គនាយកបានថ្លែងយ៉ាងដូច្នេះថា «កិត្តិនាមដែលសម្តេចតេជោឱ្យនាវា Westerdam ចូល ចតនោះ នឹងនាំឱ្យនាវាទេសចរណ៍ផ្សេងទៀត ចូលចតកំពង់ផែក្រុងព្រះសីហនុយើងកាន់តែច្រើន ហើយឆ្នាំបន្ទាប់នឹងកើនឡើងច្រើនជាងនេះ»។
សូមរំឭកដែរថា បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជានាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នោះហើយ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវ ទេសចរណ៍ចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្ស ជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។
ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ ទៀតចូលចតនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នក ដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមាន ជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្ស ជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្ស ធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕