អតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying Jeou ទៅដល់ចិន ដើម្បីព្យាយាមធ្វើឱ្យបរិយាកាសប្រសើរឡើង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់

 (សៀងហៃ)៖ អតីតប្រធានាធិបតិតៃវ៉ាន់ លោក ម៉ា យីងជីវ (Ma Ying Jeou) បានធ្វើដំណើរទៅដល់ប្រទេសចិននាថ្ងៃចន្ទនេះ ដែលជា​ដំណើរទស្សនកិច្ចឆ្លងច្រកសមុទ្រតៃវ៉ាន់ លើកដំបូងបង្អស់ ធ្វើឡើងដោយអតីតមេដឹកនាំ ឬមេដឹកនាំបច្ចុប្បន្នរបស់ដែនកោះនេះ ក្នុងរយៈពេលប្រមាណ​ជាង៧ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

លោក ម៉ា បានទៅដល់ទីក្រុងសៀងហៃ ហើយត្រូវបានទទួលស្វាគមន៍ដោយក្រុមមន្រ្តីរដ្ឋាភិបាលចិន និងក្រុមមន្រ្តីនៃទីក្រុងសៀងហៃ។ មុនពេលចេញដំណើរ លោក ម៉ា បាននិយាយដូច្នេះថា «ខ្ញុំសង្ឃឹមថានឹងអាចជួយធ្វើឱ្យប្រសើរឡើង នូវបរិយាកាសរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដោយជំរុញការធ្វើប្រាស្រ័យរវាងយុវជន»។ បើតាមការិយាល័យរបស់លោក ដំណើរទស្សនកិច្ចរយៈពេលសរុប១២ថ្ងៃរបស់លោក ម៉ា នៅប្រទេសចិន គឺមិនមានជំនួបផ្លូវការណាមួយឡើយ ដ្បិតការផ្តោតសំខាន់គឺទៅលើ ការសម្តែងក្តីគោរពចំពោះបុព្វបុរស​របស់លោក ហើយនិងការលើកកម្ពស់ការដោះដូរបទពិសោធរវាងយុវជន។

យ៉ាងណាក្តី ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះ ប្រធាធិបតីតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) ​បានចោទប្រកាន់លោក ម៉ា ថា កំពុងសម្តែងការគាំទ្រចំពោះ គោលនយោបាយតៃវ៉ាន់របស់ទីក្រុងប៉េកាំង តាមរយៈទស្សនកិច្ចរបស់លោក។ តៃវ៉ាន់និងចិនបានបែកផ្លូវគ្នា កាលពីឆ្នាំ១៩៤៩ ក្រោយសង្រ្គាមស៉ីវិលមួយ ដែលទទួលជ័យជម្នះ ដោយគណបក្សកុម្មុយនិស្ត ហើយរដ្ឋាភិបាលជាតិនិយម (Kuomintang) របស់លោក ចាង កៃជាក (Chiang Kai Shek) ដែលទទួលបរាជ័យ បានរត់ទៅកាន់កោះតៃវ៉ាន់៕