ជប៉ុនផ្តល់ថវិកាជាង៨៩ម៉ឺនដុល្លារលើគម្រោងធារាសាស្រ្ត សុខភាព និងអនាម័យ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៨៩០.៤៧១ដុល្លារអាមេរិកដល់អង្គភាពចំនួនបី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ ក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបី។

នៅក្នុងពិធីចុះហត្ថលេខានោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងឱ្យដឹងថា សម្រាប់គម្រោងសាងសង់អាងស្តុកទឹក សម្រាប់លើកកម្ពស់កសិកម្មនៅខេត្តព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោ ថវិកាចំនួន៨៥,០១៩ ដុល្លារអាមេរិក ដល់អង្គការមោទនភាពអាស៊ី សមាគមមិត្តព្រះវិហារ-ជប៉ុន។ ក្នុងគម្រោងនេះមោទនភាពអាស៊ី សមាគមមិត្តព្រះវិហារ-ជប៉ុននឹងសាងសង់អាងស្តុកទឹកនិងបរិក្ខាចែកចាយទឹក នៅក្នុងភូមិអកូខេត្ព្រះវិហារ។

កសិករនៅក្នុងតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍ ដោយបង្កើតផលិតកម្ម កសិកម្ម នារដូងប្រាំង និងរៀនពីបច្ចេកវិទ្យាកសិកម្ម ព្រមទាំងការគ្រប់គ្រងបរិក្ខាសម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់ប្រកបដោយនិរន្តរភាព។

ចំណែកគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហាររូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ ឆ្នាំទី១នូវថវិកា ចំនួន ៤៥២,៤២៧ដុល្លារអាមេរិក ដល់អង្គការ World Vision Japan ។ ក្នុងគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល និងអប់រំសុខភាព ដល់បុគ្គលិកសុខាភិបាលនិងសហគមន័មូលដ្ឋាន ដើម្បីកែលម្អរស្ថានភាពសុខភាព មាតានិងទារក កនៅក្នុងស្រុកចំនួន៥ នៃខេត្តព្រះវិហារ។ អ្នកទទួលផលនឹងអាចផ្លាស់ប្តូរទំលាប់នៃការញាំ ដោយមានចំណេះដឹង និងមានលទ្ធភាពទទួលបានទឹកស្អាត។

សម្រាប់គម្រោងការកសាងសមត្ថភាពយុវជន ក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឯណោះវិញ ក្នុងឆ្នាំទី១នេះ អង្គការកុមារឥតព្រំដែន បានទទួលថវិកាចំនួន ៣៥៣,០២៥ដុល្លារអាមេរិក។ គម្រោងនេះនឹងគាំទ្រដល់យុវជន ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពមានការងារមិនជាប់លាប់ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបរិបទ នៃមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលល្អប្រសើរដល់យុវជន ពួកគេនិងទទួលបានការអប់រំនិងជំនាញ សម្រាប់បង្កើតមូលដ្ឋានគ្រឹះ នៃជីវិតកាន់តែប្រសើរនាពេលអនាគត។

សូមបញ្ជាក់ថា ជំនួយឥតសំណង សម្រាប់គម្រោងក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍន៍និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ តាំងពីមានវត្តមាននៅកម្ពុជា ជប៉ុនបានផ្តល់ថវិកាជាង៣៩លានដុល្លារអាមេរិកដល់គម្រោងចំនួន១២៥ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្មនិង សកម្មភាពបោសសំអាតមីន ក្នុងប្រទេសកម្ពុជា៕