(បេឡារុស)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP គឺ ប្រទេសបេឡារុស បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈនេះថា កងកម្លាំងអ៊ុយក្រែនដ៏ច្រើនសន្ធឹកសន្ធាប់ បាន ប្រមូលផ្តុំនៅជិតព្រំដែនរបស់ខ្លួន និងបានព្រមានថា នេះជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ ក្រសួងការពារជាតិ នៃប្រទេសបេឡារុសបាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram ថា «បច្ចុប្បន្ន កងទ័ពអ៊ុយក្រែនមួយក្រុមធំ បានប្រមូលផ្តុំនៅក្នុងតំបន់ព្រំដែនបេឡារុស-អ៊ុយក្រែន»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «លទ្ធភាពនៃការផ្ទុះអាវុធនៅតាមព្រំដែនមានកម្រិតខ្ពស់ជាយូរមកហើយ…បេឡេរុស្សនឹងចាត់វិធានការឆ្លើយតបយ៉ាងសមស្រប ប៉ុន្តែនឹងធ្វើសកម្មភាពក្នុងលក្ខណៈ បង្ការទប់ស្កាត់ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បេឡារុសបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ជាកន្លែងចាប់ផ្តើមការឈ្លាន ពានអ៊ុយក្រែនកាលពីមួយឆ្នាំមុន ហើយប្រធានាធិបតី លោក Alexander Lukashenko បាន និយាយកាលពីសប្តាហ៍មុនថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីធ្វើដូច្នេះម្តងទៀត។
អស់រយៈពេលជាច្រើនខែមក ទីក្រុងកៀវបានសម្តែងការព្រួយបារម្ភថា បេឡារុសអាចចូលរួមក្នុង សង្គ្រាមនៅខាងរុស្ស៊ី ដែលជាការគំរាមកំហែងដ៏មានសក្តានុពលមួយ ដែលបានបង្ខំឱ្យខ្លួនផ្លាស់ ប្តូរកងទ័ព ដើម្បីការពារភាគខាងជើងអ៊ុយក្រែន ខណៈពេលដែលប្រទេសនេះកំពុងប្រយុទ្ធជាមួយ រុស្ស៊ីនៅភាគខាងកើត និងខាងត្បូង។
ទោះជាយ៉ាង លោក Lukashenko និយាយថា បេឡារុសនឹងមិនចូលសង្រ្គាមទេ លុះត្រាណាតែ អ៊ុយក្រែនវាយប្រហារខ្លួនមុន។ កងទ័ពរបស់បេឡារុស្សបានហ្វឹកហាត់ជាមួយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែ។ សេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះបាននិយាយថា ព្រឹត្តិការណ៍រួមគ្នាជាង ១៥០ព្រឹត្តិការណ៍ត្រូវបានគ្រោងទុកក្នុងឆ្នាំនេះ រួមទាំងសមយុទ្ធរួមគ្នាដ៏ធំមួយ ដែលមានឈ្មោះថា Union Shield 2023 នៅក្នុងខែកញ្ញាខាងមុខផងដែរ៕