បារាំង ថាមិនបានច្រានចោលលទ្ធភាព ចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាអង្គការភេរវករ ឡើយ

 (ប៉ារីស)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ គឺ ក្រសួងការបរទេសបារាំង នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ខ្លួនមិនដែលបាន ច្រានចោលឡើយនូវគំនិតដែលចង់ឱ្យសហភាពអឺរ៉ុប ចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាអង្គការ ភេរវករ ហើយការលើកឡើងនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់និយាយថាការ សម្រេចចិត្តបែបនេះនឹងក្លាយជាសារនយោបាយមួយដ៏មានសារៈសំខាន់។

មកទល់នឹងពេលនេះ ទំនាក់ទំនងរវាងបារាំង និងអ៉ីរ៉ង់ នៅតែស្ថិតក្នុងភាពរកាំរកូស ខណៈកិច្ចខិត ខំស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញកំពុងជាប់គាំងនៅឡើយ។ បារាំងនៅតែមាន ការស្ទាក់ ស្ទើរក្នុងការចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ។ ប៉ុន្តែ បារាំងហាក់ដូចជាផ្លាស់ ប្ដូរគោលជំហរ ក្រោយការកាត់ទោសប្រហារជីវិតបាតុករអ៉ីរ៉ង់ជាច្រើននាក់ កាលពីពេលថ្មីៗនេះ និងការកើនឡើងនៃទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូ។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី អាន ក្លែរ ឡេហ្សង់ (Anne-Claire Legendre) បានបញ្ជាក់ថាខណៈការគាបសង្កត់នៅតែបន្ត បារាំងកំពុងធ្វើ ការជា មួយបណ្ដាប្រទេសអឺរ៉ុបជាដៃគូ លើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ ដោយមិនមានការច្រានចោលលទ្ធ ភាពណាមួយឡើយ៕