(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ ២០២៣ បញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នាថ្ងៃអង្គារ នេះ បានប្រកាសថា រុស្ស៉ីនឹងនៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរត្រីមុខរបស់ខ្លួន គឺមីស៉ីលបាលិស្ទីគ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក ដោយសារតែសព្វាវុធប្រភទនេះ គឺសំខាន់ជាទីបំផុត សម្រាប់ធានាអធិបតេយ្យរបស់ប្រទេសរុស្ស៉ី។
លោក Shoigu បាននិយាយដូច្នេះថា «យើងនឹងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរត្រីមុខ ហើយរក្សាឱ្យ បាននូវសមត្ថភាពត្រៀមប្រយុទ្ធរបស់ពួកវា ដ្បិតឆ័ត្រនុយក្លេអ៊ែរបានដើរតួនាទី ហើយនៅតែកំពុង ដើរតួនាទីដដែល ជាអ្នកធានាចម្បងបំផុតនៃអធិបតេយ្យនិងបូរណភាពទឹកដីនៃរដ្ឋរបស់យើង»។ លោករដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បានបន្តទៀតថា «យើងក៏នឹងបង្កើនសមត្ថភាពប្រយុទ្ធរបស់កង ទ័ពអាកាសផងដែរ ទាំងក្នុងន័យធ្វើឱ្យយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់ អាចធ្វើប្រតិបត្តិ ការនៅក្នុងតំបន់មានវត្តមាននៃប្រព័ន្ធការពារដែនអាកាសទំនើបៗ និងក្នុងន័យបង្កើនសមត្ថភាព របស់យន្តហោះដ្រូន»៕