(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ ២០២២ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថាយោធានៃប្រទេស របស់លោកកំពុងធ្វើការលើផែនការថ្មីមួយ ដើម្បីកាត់ផ្ដាច់ការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវពី បរទេស សម្រាប់កងកម្លាំងអ៊ុយក្រែន។
លោក ឡាវរ៉ូវ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីកាលពី ថ្ងៃពុធសប្ដាហ៍នេះ។ ប្រមុខការទូតរុស្ស៉ីរូបនេះបានគូសបញ្ជាក់ទៀតថាមាន ការអំពាវនាវជាច្រើន នៅក្នុងចំណោមអ្នកជំនាញយោធារុស្ស៉ី ឱ្យមានការកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់អាវុធពីលោកខាងលិចទៅ ឱ្យអ៊ុយក្រែន។ លោក ឡាវរ៉ូវ បានបន្ថែមដូច្នេះថា «យើងបានអង្កេត ឃើញថាអ៊ុយក្រែនកំពុងទទួល បានអាវុធលោកខាងលិចកាន់តែច្រើន និងកាន់តែទំនើប…ដូច្នេះបណ្ដាញផ្លូវដែក ស្ពាន និងរូងក្រោម ដីអាចនឹងស្ថិតនៅក្រោមការពិចារណា ហើយខ្ញុំគិតថាពួកគេ (យោធារុស្ស៉ី) នឹងធ្វើការសម្រេចចិត្ត ប្រកបដោយវិជ្ជាជីវៈថាតើត្រូវធ្វើដូចម្ដេចដើម្បីរារាំង ឬក៏បញ្ឈប់តែម្ដងនូវការផ្គត់ផ្គង់អាវុធ (ឱ្យអ៊ុយក្រែន)»៕