ក្រសួងការបរទេស បង្ហាញលទ្ធផលរបស់ គណៈប្រតិភូ​កម្ពុ​ជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ ចូលរួមកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើកទី១៨ នៅប្រទេសទុយនេស៊ី

 (ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកោះ Djerba ប្រទេស ទុយនីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការតភ្ជាប់នៅក្នុងពិពិធភាព៖ វិស័យឌីជីថល ជាចលករនៃការអភិវឌ្ឍ និងសាមគ្គីភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី»។

កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក Kaïs SAÏED ប្រធានាធិបតី នៃសាធារណរដ្ឋទុយនីស៊ី និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរ ជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ជាប្រមុខរដ្ឋនិងរដ្ឋាភិបាល ជាច្រើនរូប (ក្នុងនោះ មានប្រធានាធិបតីសាធារណរដ្ឋបារាំង នាយករដ្ឋមន្រ្តីកាណាដា នាយករដ្ឋ មន្រ្តីកេបិក ប្រធានាធិបតីនីហ្សេ ប្រធានាធិបតីរវ៉ាន់ដា…) រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីទទួលបន្ទុក ហ្វ្រង់កូហ្វូន និងឯកអគ្គរដ្ឋ/រាជទូត មកពី ៨៨ ប្រទេសសមាជិក (សមាជិកពេញសិទ្ធិ ៥៤ សមាជិក មិនពេញសិទ្ធិ ៧ និងសមាជិកសង្កេតកាណ៍ ២៧) នៃអង្គការ OIF ព្រមទាំងតួអង្គនៃធម្មនុញ្ញ ហ្វ្រង់កូហ្វូនី និងតំណាងអង្គការអន្តរជាតិ និងតំបន់ជាច្រើនរូប។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ និងរដ្ឋាភិបាល និងតំណាង បានផ្លាស់ប្តូរយោ បល់គ្នាទៅលើប្រធានបទ «ឌីជីថល គឺជាឧបករណ៍អាទិភាពរបស់ហ្វ្រង់កូហ្វូនី» និង «ស្ត្រី និងយុវជន ជាគោលដៅអាទិភាពរបស់ហ្វ្រង់កូហ្វូនី»។ កិច្ចពិភាក្សាតុមុខនេះបានផ្តោតសំខាន់ទៅលើបញ្ហាប្រឈមរបស់តំបន់ហ្វ្រង់កូហ្វូន ដើម្បីស្វែងរក ដំណោះស្រាយនិងស្នើឡើងនូវវិធានការសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក ការប្រើប្រាស់ភាសាបារាំង ការបង្កើតការងារសម្រាប់យុវជន ការពង្រឹងតួនាទីរបស់ស្រ្តី ការប្រើប្រាស់ឌីជីថល និងការពង្រឹង សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ហ្វ្រង់កូហ្វូន។

ប្រមុខរដ្ឋ និងរដ្ឋាភិបាល បានសម្រេចអនុម័តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នូវឯកសារ សំខាន់ៗ៖ ១៖ សេចក្តីថ្លែងការណ៍ Djerba, ២៖ សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការចាកចេញ ពីវិបត្តិ និងការពង្រឹងសន្តិភាពក្នុងតំបន់ហ្វ្រង់កូហ្វូន, ៣៖ សេចក្តីប្រកាសស្តីពីភាសាបារាំងក្នុង ភាពចម្រុះនៃភាសានៅក្នុងហ្វ្រង់កូហ្វូនី, ៤៖ ក្របខណ្ឌយុទ្ធសាស្រ្តហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣-២០៣០ និង ៥៖ វិធានស្តីពីនីតិវិធីនៃការចូលជាសមាជិក ឬការកែតម្រូវសមាជិកភាពនៃរដ្ឋឬរដ្ឋាភិបាលនៅ អង្គការ OIF។

អ្នកចូលរួមទាំងអស់បានសាទរចំពោះលទ្ធផលសំខាន់ៗនៃការងារដែលលោកស្រី Louise MUSHIKIWABO សម្រេចបាន ក្នុងអាណត្តិ ៤ ឆ្នាំកន្លងទៅនេះ ជាអាទិ៍ការធ្វើកំណែទម្រង់ និង ទំនើបកម្មអង្គការ OIF តាមរយៈការធ្វើសកម្មភាពចម្បងៗ ដូចជា ការកាត់បន្ថយការអនុវត្តកម្មវិធី របស់អង្គការ OIF ការពង្រឹងវត្តមាន និងឥទ្ធិពលរបស់អង្គការ OIF នៅលើឆាកអន្តរជាតិ និងការកែ សម្រួលរចនាសម្ព័ន្ធរបស់អង្គការ OIF ដើម្បីប្រែក្លាយទៅជាអង្គការកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈ។

អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ផងដែរ ទៅលើគោលបំណងសំខាន់ៗចំនួន ៣ ដែលលោកស្រី Louise MUSHIKIWABO នឹងអនុវត្ត នាពេលអនាគត៖ (១). ការធ្វើសកម្មភាពដើម្បីយុវជន និងស្រ្តី (២). ការពង្រឹងឥទ្ធិពលរបស់អង្គការ OIF នៅលើឆាកអន្តរជាតិ និង (៣). ការលើកតម្កើងភាពទាក់ទាញ នៃតំបន់ហ្វ្រង់កូហ្វូន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌។

លើសពីនេះទៀត ប្រមុខរដ្ឋនិងរដ្ឋាភិបាលបានសម្តែងការគាំទ្រ និងបោះឆ្នោតជ្រើសរើស លោកស្រី Louise MUSHIKIWABO ក្នុងតំណែងជាអគ្គលេខាធិការអង្គការ OIF សម្រាប់អាណត្តិលើកទី២ ឆ្នាំ២០២៣-២០២៦។

ឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីសាធារណរដ្ឋបារាំង ប្រមុខរដ្ឋនិងរដ្ឋាភិបាលបានសម្រច ឱ្យប្រទេសបារាំង ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨នេះ ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានជួបជាមួយថ្នាក់ដឹកនាំកំពូលៗ ដូចជា ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋ មន្រ្តីកាណាដា ដែលបានផ្តាំផ្ញើនូវការសួរសុខទុក្ខជូន សម្តេចតេជោនាយករដ្ឋមន្រ្តី។ លើសពីនេះទៀត ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយលោក Traian HRISTEA រដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី ទទួលបន្ទុកកិច្ចការសកល និងយុទ្ធសាស្រ្តការ ទូត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបាន ពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងទៅលើប្រធានបទទាក់ទង នឹងបញ្ហាប្រឈមបច្ចុប្បន្ននៅក្នុងពិភពលោក៕