(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា ស្ថានភាពសន្តិសុខ នាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និង កាន់តែមិនច្បាស់លាស់ឡើង។
សម្តេចពិជ័យសេនា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ប្រព្រឹត្ត ទៅពេញមួយ១ថ្ងៃ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម» ដោយ មានការអញ្ជើញចូលរួមពីសំណាក់ ប្រមុខរដ្ឋមន្ត្រីការពារជាតិអាស៊ានចំនួន៩ អវត្តមានរដ្ឋមន្ត្រីការ ពារជាតិមីយ៉ាន់ម៉ា និងមានការចូលរួមពីអគ្គលេខាធិការអាស៊ាន។
ថ្លែងបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា យើងពិតជាមានមោទនភាពណាស់ ដែលក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ ADMM បានក្លាយជា វេទិកាដ៏មានសារៈប្រយោជន៍សម្រាប់កិច្ចសន្ទនា ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ «ជាការពិតខណៈពេលដែលតំបន់របស់យើង បាននិងកំពុងប្រឹង ងើបឡើងវិញពីវិបត្តិកូវីដ១៩ និងឈានទៅរកប្រក្រតីភាពបែបថ្មីមួយ ស្ថានភាពសន្តិសុខនាពេល បច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិន ច្បាស់លាស់ឡើង។ តាមពិតទៅការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោកទាំងមូល»។
សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំចាប់តាំងពីការបង្កើតឡើងមក ADMM តែងតែប្រឈមមុខនឹងបញ្ហាមួយចំនួន។ នៅក្នុងឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនដែរ មានបញ្ហា ជាច្រើនដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងភាពសុខដុមរមនារបស់តំបន់ និងប្រជា ជន។ បញ្ហាប្រឈមទាំងអស់នេះបង្ហាញពីតម្រូវការខ្ពស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួម និងស្មារតី សាមគ្គីភាពដ៏រឹងមាំ របស់វិស័យការពារជាតិរបស់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយ។ ច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តែម្នាក់ឯងបានទេ។
សម្តេចបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំនេះ ក្រោមប្រធានបទ «សាម គ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម» បានបញ្ជាក់សារជាថ្មី នូវការប្ដេជ្ញាចិត្តក្នុងការ ឆ្លើយតបរបស់យើងចំពោះបញ្ហាប្រឈមរួមនៅក្នុងតំបន់ ដោយផ្តោតលើសាមគ្គីភាព និងភាពស្អិត លូតរបស់ ADMM ដែលជាយន្តការគន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមរបស់ អាស៊ាន ជាពិសេសក្តីកង្វល់សន្តិសុខមិនប្រពៃណី ដូចជាគ្រោះធម្មជាតិ និងជំងឺរាតត្បាតសកល។ នៅក្នុងកិច្ចប្រជុំ ADMM លើកទី១៦ កាលពីខែមិថុនា យើងបានឯកភាពគ្នា ដោះស្រាយបញ្ហា ប្រឈមដែលកំពុងកើតមាន ក៏ដូចជាការបំពេញនូវចន្លោះប្រហោង ដែលយើងមិនធ្លាប់បានគិត គូរពីមុន។ គំនិតផ្តួចផ្តើមថ្មីទាំងនេះ នឹងបំពេញបន្ថែមនូវអ្វីដែលមានស្រាប់។ សមិទ្ធផលទាំងនេះ ពិតជាមិនអាចសម្រេចបានទេ បើគ្មានការគាំទ្រឥតឈប់ឈរពីរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំងអស់ ចំពោះតួនាទីជាប្រធាន ADMM របស់កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់ឲ្យយើងនូវឱកាស មួយដើម្បីពិភាក្សា ផ្លាស់ប្ដូរទស្សនៈ និងស្វែងរកវិធានការសមស្រប ដើម្បីដោះស្រាយតាមវិធីសាស្ត្រ ដែលមានប្រសិទ្ធភាពបំផុត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវជំនឿជឿជាក់ថា កិច្ច ប្រជុំនៅថ្ងៃនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ប្រធាន ADMM ជាបន្តបន្ទាប់ក្នុងការបង្កើតរបៀបវារៈ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងលឿននៃស្ថានភាពសន្តិសុខអន្តរជាតិពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការឯកភាព និងមជ្ឈភាពអាស៊ាន និងការធានាបានថា ADMM នៅតែជាកម្លាំងចលករនៅគ្រប់ ទិដ្ឋភាពនៃទំនាក់ទំនងជាមួយដៃគូខាងក្រៅ៕