ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានជា ផ្លូវការ

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំកំពូល របស់អាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង៤១ជាផ្លូវការ។ ពិធីដ៏មហោឡារិកនេះនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខា ភ្នំពេញ។ បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់អាស៊ានដទៃទៀត អញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែក របស់កម្ពុជាក្នុងអាស៊ាន ក្រោយពេលក្លាយជាសមាជិកអាស៊ាន រយៈពេលប្រមាណ២៣ឆ្នាំកន្លង មកនេះ។

បន្ទាប់ពីពិធីទាំងពីរខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រមុខដឹកនាំរដ្ឋ/រាជរដ្ឋា ភិបាល សមាជិកអាស៊ាន អញ្ជើញចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០ និងកិច្ចប្រជុំកំពូល៤១។

នៅពេលរសៀលថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំ នៃប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥,កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣ និងកិច្ច ប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២។

ក្រៅតែពីកិច្ចប្រជុំខាងលើទៅ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជា បណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើង ជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួប នៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧។

ថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានអង្គ ការអន្តរជាតិសំខាន់ៗមួយចំនួន ហើយ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹង ចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ៕