(ឡុងដ៏)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រាប់អោយដឹងថា គិលានុបដ្ឋាករាប់ម៉ឺននាក់នៅចក្រភពអង់គ្លេស គ្រោងនឹង ធ្វើកូដកម្មជាលើកដំបូង ដើម្បីទាមទារប្រាក់ឈ្នួលកាន់តែប្រសើរឡើង ខណៈដែលថ្លៃចាយវាយ សម្រាប់ជីវភាពរស់នៅ មានការកើនឡើង។
សហជីពគិលានុបដ្ឋាក RCN ដែលមានសមាជិកជាង ៣០០,០០០នាក់ បានឲ្យដឹងនៅថ្ងៃពុធ សប្តាហ៍នេះថា ក្រុមគិលានុបដ្ឋាកភាគច្រើន នៃស្ថាប័នសេវាកម្មសុខាភិបាល NHS នៅទូទាំងប្រ ទេស បានបោះឆ្នោតគាំទ្រសម្រាប់សកម្មភាពនេះ។ ការធ្វើកូដកម្មនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំ២០២២នេះ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ សហជីព RCN ដែលអាយុកាល ១០៦ឆ្នាំមកហើយ។
សកម្មភាពកូដកម្មខាងលើ ត្រូវគេរំពឹងថា នឹងប៉ះពាល់ដល់អ្នកជំងឺជាច្រើន ដែលកំពុងទទួលការ ថែទាំពីពួកគេ។ ប្រាក់បៀវត្សរ៍របស់គិលានុបដ្ឋាយិកា បានធ្លាក់ចុះដល់ទៅ ២០ភាគរយ ក្នុងរយៈ ពេល ១០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យពួកគេពិបាក ក្នុងការផ្គត់ផ្គង់គ្រួសារ ក៏ដូចជាទប់ទល់នឹងថ្លៃ ចំណាយផ្សេងៗបាន។ សហជីពកំពុងស្នើសុំ ដំឡើងប្រាក់ឈ្នួល ៥ភាគរយ លើសពីអត្រាអតិផរ ណា។
គួរបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ចក្រភពអង់គ្លេសបានមើលឃើញ ភាពចលាចលនៅតាមវិស័យ ឧស្សាហកម្មរបស់ខ្លួនជាច្រើន រាប់ចាប់តាំងពីវិស័យដឹកជញ្ជូន រហូតដល់វិស័យផ្នែកច្បាប់ ខណៈ ប្រាក់ចំណូលរបស់ប្រជាជន មិនអាចទប់ទល់ជាមួយអតិផរណា ដែលឡើងដល់១០ភាគរយ បូករួម និងការកើនឡើងនូវតម្លៃថាមពលទៀតផង៕