(រ៉ូម)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែ តុលា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី ជកយ៉ា មេឡូនី (Giorgia Meloni) បានប្រាប់សភាជាន់ខ្ពស់នៅថ្ងៃពុធសប្តាហ៍នេះថា មធ្យោបាយតែមួយគត់ដើម្បី ជួយសម្រួល ដល់កិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន គឺការជួយឲ្យទីក្រុងកៀវអាច ពឹងផ្អែកលើការ ការពារជាតិដោយខ្លួនឯង។
ថ្លែងទៅកាន់ព្រឹទ្ធសភាមុនការបោះឆ្នោតផ្តល់ទំនុកចិត្តលើរដ្ឋាភិបាលស្តាំនិយមដែលទើបតែងតាំងថ្មី លោកស្រី មេឡូនី បានគូសបញ្ជាក់ថា «សន្តិភាពអាចសម្រេចបានដោយការគាំទ្រអ៊ុយក្រែន … វាគឺជាឱកាសតែមួយគត់ដែលយើងមានសម្រាប់ភាគីទាំងពីរក្នុងការចរចា»។
លោកស្រី មេឡូនី បានបន្ថែមថា «ក្នុងដំណាក់កាលនេះ សព្វាវុធដែលអ៊ីតាលីផ្គត់ផ្គង់ដល់អ៊ុយក្រែន គឺមិនគ្រាន់តែដើម្បីសម្រេចបានលទ្ធផលក្នុងការធ្វើសង្គ្រាមនោះទេ ប៉ុន្តែការផ្តល់អាវុធទាំងនោះ មានសារៈសំខាន់សម្រាប់អ៊ីតាលី ក្នុងការទទួលបានទំនុកចិត្តជាអន្តរជាតិមកលើប្រទេសរបស់ខ្លួន»៕