(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងសមាជិកគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្ស ដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្ល័ង្កពីជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី។
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសមាជិកបក្សភ្លើងទៀន ចាកចេញពីបក្សទៅកាន់បក្សដទៃ ព្រោះបក្សនេះ អាចប្រឈមនឹងការរំលាយ ប្រសិនបើរកឃើញថា ធ្វើសកម្មភាពស្របតាមទណ្ឌិត សម រង្ស៉ី។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បាវចនារបស់យើង គឺជាតិ សាសនា ព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គនឹងមិនតបតទេ ព្រះរាជវង្សានុវង្ស នឹងមិនតបតទេ ប៉ុន្តែ រាជរដ្ឋាភិបាលចាំបាច់ ត្រូវតែធ្វើការតបត បណ្តាគណបក្សនយោបាយនានា រាប់ទាំងភ្លើងទៀតនផង ដែរ ត្រូវតែតបត ដើម្បីការពារព្រះមហាក្សត្រ របស់យើង។ យើងមិនអាចនៅស្ងៀមបានទេ លើរឿង នេះ។ រឿងនេះ នឹងក្លាយជាសំណុំរឿង ដ៏សាំញ៉ាំ ហើយមានលទ្ធភាព ដែលបក្សខ្លះអាចរលាយ ក៏អាចថាបាន ប្រសិនបើគេធ្វើសកម្មភាពស្របតាមជនក្បត់។ ដំណើរការប្រជាធិបតេយ្យ មិនអាចឲ្យ អ្នកឯងប្រមាថ ចំពោះព្រះមហាក្សត្របានទេ ហើយក៏មិនអាចឲ្យអ្នកឯង គំរាមប្តូរនូវរបប ផ្តួលរំលំរាជ រដ្ឋាភិបាលហើយ ដេញស្តេចឲ្យចុះ»។
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានសួរទៅកាន់មេដឹកនាំបក្សភ្លើងទៀនថា តើសម្តីប្រមាថរបស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រត្រឹមត្រូវដែរឬទេ។ សម្តេចតេជោ បានស្នើទៅសមាជិកបក្សភ្លើងទៀន ឱ្យរង់ចាំមើលថា តើមេបក្សខ្លួនមានសមត្ថភាពឆ្លើយតបនឹងសំណួរសម្តេចដែរឬទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានខ្សែអាត់សំឡេងនានានៃការពាក់ព័ន្ធគ្នារវាងបក្ស ភ្លើងទៀន ជាមួយក្រុមទណ្ឌិត រត់ចោលស្រុក។ សម្តេចតេជោ អះអាងថា ភស្តុតាងជាតម្រុយនៃការ ប្រព្រឹត្តខុសនឹងច្បាប់បក្សនយោបាយ កំពុងស្ថិតនៅក្នុងដៃសម្តេច។
តាមប្រសាសន៍សម្តេចតេជោច្រកតែមួយគត់របស់បក្សភ្លើងទៀនពីការមិនជាប់ពាក់ព័ន្ធក្រុមអ្នកទោស គឺត្រូវបង្ហាញឱ្យច្បាស់តើសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រជារឿងត្រឹមត្រូវទេ។ សម្តេចតេជោ ក៏បានឱ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតប ឬថ្កោលទោស ចំពោះសម្តីប្រមាថ របស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន កុំបារម្ភ រឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស សម រង្ស៉ី។ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕