(កំពង់ចាម)៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ដ្រី ជំនាញចុះអន្ដរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះ ស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។
ក្រោយទទួលបានបទបញ្ជាពី ឯកឧត្តម រដ្ឋមន្ដ្រី លឹម គានហោ, លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញា ធរទន្លេសាប ដឹកនាំក្រុមការរងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការជាមួយ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ទប់ស្កាត់ ការបាក់ច្រាំងទន្លេមេគង្គ ដែលបានបាក់កាលពីវេលាប្រមាណម៉ោង១៖៣០នាទី ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប្រវែងប្រមាណ៦០ម៉ែត្រ។
នៅពេលនេះ ក្រុមការងារក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ បានត្រៀមសម្ភារៈ និងលក្ខណៈ បច្ចេកទេសរួចរាល់ហើយ រង់ចាំតែការដឹកជញ្ជូនខ្សាច់មកដល់នឹងចាប់ផ្តើមអនុវត្តន៍ភ្លាម៕